បាត់ដំបង ៖ ប្រជាពលរដ្ឋផ្ទុកមេរោគអេដស៏២៨០នាក់ក្នុងឃុំរការ ទទួលអំណោយលោក ថៃ ម៉ាធូរ៉េន ទីប្រឹក្សាក្រសួង និងលោក កឹម បូរី អគ្គនាយកនៃនាយកដ្ឋានក្រសួងសាធារណការណ៍និងដឹកជញ្ជូន តំណាងឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការណ៍ និងដឹកជញ្ជូន បន្ទាប់ពីប្រតិភូចុះពិនិត្យផ្លូវកៅស៊ូ២ខ្សែ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៥ នៅបរិវេណវត្តរការ ភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ។
លោក ឡុង សុភឺន អភិបាលស្រុកសង្កែស្តីទី បានអោយដឹងថា ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ នៅភូមិរការបានផ្ទុះមេរោគអេដស៏កើតឡើង បង្កផ្ទុកលើប្រជាពលរដ្ឋចំនួន២៨៨នាក់ ហើយរហូតបច្ចុប្បន្ន បានអោយអ្នកផ្ទុកមេរោគអេដស៏ស្លាប់ចំនួន៨នាក់ ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពេលទទួលដំណឹងដ៏សោកសង្រេងនេះ នៅដើមឆ្នាំ២០១៥ លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកក្របាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំអំណោយថ្នាំសង្កូវផ្តល់ជូនប្រជាពលរដ្ឋផ្ទុកមេរោគទាំងនេះ ។ មិនតែប៉ុណ្ណោះ ក៏មានប្រតិភូក្រសួងផ្សេងទៀត ចុះមកសួរសុខទុក្ខប្រជាពលរដ្ឋផងដែរ ព្រមទាំងធ្វើការកសាងផ្លូវជាតិចំនួន ២ ខ្សែ សំរាប់អោយប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងប្រតិភូនានា ងាយធ្វើដំណើរចូលសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៏ ។
លោក កឹម បូរី អគ្គនាយកនៃនាយកដ្ឋានក្រសួងសាធារណការណ៍ និងដឹកជញ្ជូនបានថ្លែងទៅកាន់ប្រជាពលរដ្ឋផ្ទុកមេរោគអេដស៏ថា ក្នុងនាមតំណាងឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការណ៍និងដឹកជញ្ជូន ដឹកនាំកម្លាំង មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ចុះពិនិត្យផ្លូវខាងលិចតំបន់បឹងទន្លេសាប ជាពិសេស ចុះពិនិត្យផ្លូវ២ខ្សែ និងសួរសុខទុក្ខប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ក្នុងឃុំរការ ហើយផ្លូវទាំងនេះ ពិតជាមានការយឺតយ៉ាវបន្តិច តែរូបខ្ញុំសន្យាធ្វើអោយរួចនៅឆ្នាំ២០១៥ ទុកប្រយោជន៍អោយបងប្អូនងាយស្រួល ធ្វើចរាចរណ៍ដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ ។ ឆ្លៀតឱកាសចុះសួរសុខទុក្ខបងប្អូន ចំពោះបងប្អូនដែលផ្ទុកមេរោគអេដស៏ កុំអាលអស់សង្ឃឹម ប្រឹងរស់តទៅទៀត រូបខ្ញុំផ្ទាល់ក៏មានផ្ទុកមេរោគក្នុងខ្លួនដែរ ប៉ុន្តែខ្ញុំប្រឹងថែខ្លួនព្យាបាលរហូតបានជាសះស្បើយ ។ ដូច្នេះបងប្អូនត្រូវខិតខំផឹកថ្នាំពន្យាប្យាបាល ទំរាំដល់ឱកាសមានថ្នាំជាសះស្បើយ ។
ក្នុងឱកាសនេះ បានបាំនាំការសួរសុខទុក្ខពីសម្តេចទាំង ៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចមហាពញាចក្រីហេងសំរិន សម្តេចសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋផ្ទុកមេរោគអេដស៏ ២៨០ នាក់ ក្នុងម្នាក់ទទួលបាន មី២៥កញ្ចប់ ទឹកស៊ីអ៊ីវ ៦ ដប ទឹកត្រី ៦ ដប និងប្រាក់ ៦ ម៉ឺនរៀលផងដែរ ៕
សុខ កុសល