បាត់ដំបង ៖ ផ្ទះខារ៉ាអូខេឥតច្បាប់ ៥ កន្លែង ដែលធ្លាប់ពង្វក់សិស្សសាលា និងរំខានដល់អ្នករស់នៅជិតខាង ត្រូវបានអាជ្ញាធរចុះបិទទ្វាអាជីវកម្ម បន្ទាប់ពីពិនិត្យឃើញថា មានការប៉ះពាល់ការសិក្សា សុខភាព និងការរស់នៅ រំខានដល់ដំណេកអ្នកជិតខាង កាលរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នៅភូមិព្រែកព្រះស្តេចសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ម្ចាស់ខារ៉ាអូខេទាំង ៥ កន្លែងមាន ៖ ទី១ ឈ្មោះ ហ៊ួន ឡៃស៊ីម ភេទស្រីអាយុ៦១ឆ្នាំ មាន ៩ បន្ទប់ ។ ទី២ ឈ្មោះ ផាន់ វណ្ណៈ ភេទប្រុសអាយុ៥១ឆ្នាំ មាន៥បន្ទប់ ។ ទី៣ ឈ្មោះ ពៅ គឹមស៊ាន ភេទស្រីអាយុ ៤៨ ឆ្នាំមាន៨បន្ទប់ ។ ទី៤ ឈ្មោះ កង សុមាលភាព ភេទ ស្រីអាយុ៥៥ឆ្នាំ មាន១១បន្ទប់ ។ ទី៥ ឈ្មោះ ស៊ី ហៀង ភេទប្រុសអាយុ ៥៩ ឆ្នាំ មាន ៥ បន្ទប់ ។
លោក ជា សុឃឿន អាយុ៧២ឆ្នាំ (ប្រពន្ធឈ្មោះហ៊ួនឡៃស៊ីម) ម្ចាស់អាជីវកម្មខារ៉ាអូខេ ជាជើងខ្លាំង និងធ្លាប់ប៉ុនប៉ង វាយអ្នកសារព័ត៌មានផងនោះ បានអោយសមត្ថកិច្ចដឹងថា អ្នកសារព័ត៌មានមួយចំនួនបានផ្សាយបំប៉ោងការពិតថា កន្លែងខារ៉ាអូខេខ្លួនមានអំពើអានាចារ្យ រូបលោកបើកប្រហែល ២០ ឆ្នាំ ហើយមិនមានអ្វីទេ ហើយបើមិនអោយសិស្សចូលច្រៀងទេគាត់នឹងដាច់បាយស្លាប់។
លោក សៀង ឯមវ៉ូនស្ហ៊ី អភិបាលក្រុងបាត់ដំបងបានអោយដឹងថា បន្ទាប់ពីមានបញ្ហានិងបណ្តឹងមួយចំនួន ពីប្រជាពលរដ្ឋរស់នៅភូមិព្រែកព្រះស្តេចសង្កាត់ព្រែកព្រះស្តេចចំពោះខារ៉ាអូខេ៥កន្លែងខាងលើរូបលោកដឹកនាំកម្លាំងចុះពីនិត្យផ្ទាល់ឃើញថាការបើកគ្មានច្បាប់ទំលាប់ជិតសាលារៀន មានបន្ទប់តូចៗ មិនមានបំពាក់កាំម៉ារ៉ាសុវត្ថិភាព តាមស្តង់ដា ជាអាថ៌កំបាំង អាចសិស្សនាំគ្នាចូលច្រៀងតែ២នាក់(១គូៗ) និងអាចសេពប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ផងដែរ អប់រំនិងសម្រេចអោយម្ចាស់ហាងខារ៉ាអូខេទាំង ៥ កន្លែងផ្អាកធ្វើអាជីវកម្ម បើនៅមានការបើកបន្តទៀតសមត្ថកិច្ចចុះមករុះរើយកសម្ភារៈរូបលោកមិនទទួលខុសត្រូវឡើយ ។ ចំពោះការស្នើរសុំបើកអាជីវកម្មខារ៉ាអូខេឡើងវិញ រង់ចាំការពិនិត្យសម្រេចពីលោកអភិបាលខេត្តបាត់ដំបង ៕
សុខ កុសល