រាជធានីភ្នំពេញ ៖ ជនសង្ស័យ ៤ នាក់រកស៊ីថ្នាំញៀនធំ ថ្នាំញៀនម៉ាទឹកកក ២២ កញ្ចប់ធំនិង ៣០ គ្រាប់ និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត ដែលកម្លាំងនគរបាលបង្ក្រាបបានក្នុងរាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង ត្រូវបានអគ្គស្នងការនគរបាលជាតិ បើកសន្និសិទ្ធកាសែតរួចបញ្ជូនទៅតុលាការ កាលវេលាម៉ោង ២ និង ៣៧នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ចាត់ការតាមនិតិវិធី។
កិច្ចប្រតិបត្តិការណ៍ធ្វើឡើងតាំងពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥។
លោកឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់អ្នកកាសែតថា បន្ទាប់ពីចាប់ បានឈ្មោះ លីវ ស៊ឺ មេក្លោងដឹកនាំក្នុងការជួញដូររក្សាទុក កែច្នៃគ្រឿងញៀន នៅខេត្តស្ទឹងត្រែង សមត្ថកិច្ចបន្តចុះបង្ក្រាបបន្តបន្ទាប់នៅរាជធានីភ្នំពេញ នៅ ៣ គោលដៅ ឃាត់ខ្លួនបុរសសង្ស័យជាជនជាតិចិន២នាក់និងស្ដ្រីខ្មែរម្នាក់ហើយជនទាំងនេះជាមេខ្លោងជួញដូរ គ្រឿងញៀនដ៏ធំនៅកម្ពុជា។
គោលដៅទី១៖ នៅចំណុចផ្ទះលេខ19C ផ្លូវបេតុងក្នុងបូរីពេញចិត្ត សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះ ផល រ៉ានី អាយុ២២ឆ្នាំជនជាតិខ្មែរ ដែលត្រូវជាភរិយា របស់មេក្លោង។ ក្នុងការឆែកឆេបានរកឃើញម្សៅក្រាមសង្ស័យគ្រឿងញៀន (ice) ចំនួន ០៧កញ្ចប់ធំ ជញ្ជីងថ្លឹង ២គ្រឿង ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ម៉ាស៊ីនសម្ងួត១គ្រឿង និងទូដែកចំនួន១ទូ។គោលដៅទី២៖ បន្តឆែកឆេរបន្ទប់ជួលលេខ៦១៥ នៃអាផាតមិន LEE ផ្លូវលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន បានឃាត់ខ្លួនបុរសសង្ស័យម្នាក់ ឈ្មោះ LI YONG ជនជាតិចិន មុខរបរបច្ចេកទេស ផ្សំថ្នាំញៀន។ រកឃើញវត្ថុតាងរួមមានម្សៅក្រាមសង្ស័យគ្រឿងញៀន (ice) ចំនួន ១៤កញ្ចប់(៦កញ្ចប់ធំ-៨កញ្ចប់តូច) និងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន១គ្រឿង ។គោលដៅទី៣៖ បន្ដឆែកឆេរបន្ទប់ជួល៧ Apartment លាលូន សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ឃាត់ខ្លួនបុរសសង្ស័យម្នាក់ ឈ្មោះ DENG YUAN PING ជនជាតិចិន អាយុ៥៣ឆ្នាំ។ដកហូតវត្ថុតាងថ្នាំញៀនម៉ាទឹកកក ០១កញ្ចប់និងថ្នាំញៀនយ៉ាម៉ា ៣០គ្រាប់។
បច្ចុប្បន្នក្រុមជនសង្ស័យ និងថ្នាំញៀនម៉ាទឹកកក ២២ កញ្ចប់ធំ (ស្មើទំងន់៥៤៥៩៩,៦០ក្រាម) និង ៣០ គ្រាប់ ព្រមទាំងសម្ភារៈវេចខ្ចប់មួយចំនួនទៀតត្រូវបានសមត្ថកិច្ចនគរបាលជាតិ កសាងសំណុំរឿងពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់បញ្ជូនទៅតុលាកាចត់ការតាមនិតិវិធី ៕