បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង ឃាត់រថយន្តក្រុមហ៊ុនឱសថហ្វាម៉ាមេដ ដឹកឱសថចែកចាយ គ្មានច្បាប់អនុញ្ញាតពីមន្ទីរ និងក្រសួងសុខាភិបាល ធ្វើការផាកពិន័យនិងអប់រំ កាលវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥នៅចំណុចផ្លូវលេខ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោកវរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យនគរនបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា យោងតាមបណ្តឹង របស់ក្រុមហ៊ុនផលិតឱសថមួយ និងការស៊ើបអង្កេតរបស់កម្លាំងជំនាញ ទើបយើងឈានទៅ ឃាត់រថយន្ត១គ្រឿង របស់ក្រុមហ៊ុន ហ្វាម៉ាមេដ ដែលដឹកឱសថស្របច្បាប់ក្នុងស្រុក តែក្រុមហ៊ុននេះបានលួចបន្លំ ចែកចាយឱសថមួយចំនួន ដែលផលិតនៅប្រទេសបារាំង ដោយគ្មានបិទលតបត្រ និងគ្មានការអនុញ្ញាតពីក្រសួងជំនាញឡើយ។ រឹបអូសបានឱសថ ដែលផលិតនៅប្រទេសបារាំង មានចំនួន១៨មុខ ប្រគល់ឲ្យមន្ទីរជំនាញចាត់ការតាមច្បាប់។
បុរសម្នាក់ភាគីខាងបណ្តឹងបាននិយាយថា លោកជាតំណាងឲ្យក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនផលិត និងចែកចាយឱសថ នៅប្រទេសបារាំង បានប្រគល់សិទ្ធិ ឲ្យទៅក្រុមហ៊ុន DKSH ជាអ្នកចែកចាយផ្តាច់មុខនៅក្នុងស្រុកខ្មែរ តែដោយសារតែ មានជនខិលខូចមួយចំនួន បានបន្លំនាំចូលខុសច្បាប់ ហើយចែកចាយលើទីផ្សារក្នុងស្រុក ទើបក្រុមហ៊ុនខាងលើ បានឲ្យលោកធ្វើការ ស៊ើបអង្កេត តាមរកក្រុមហ៊ុន ដែលធ្វើសកម្មភាព ចែកចាយលើទីផ្សារដោយខុសច្បាប់ នូវផលិតផលឱសថ របស់ក្រុមហ៊ុនខាងលើ ។
លោក ហាស់ អសនី ប្រធានការិយាល័យឱសថ ចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសំអាង នៃមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា ដោយមានកិច្ចសហការ ពីកម្លាំងនគរបាលជំនាញ ទើបយើងឈានដល់បង្ក្រាប បានរថយន្តចែកចាយឱសថ គ្មានច្បាប់អនុញ្ញាត ។ឱសថដែលយើងរឹបអូសបាននោះ គឺជាឱសថសុទ្ធល្អ មិនមែនក្លែងក្លាយនោះទេ គឺផលិតនៅប្រទេសបារាំង តែខុសត្រង់ថា ក្រុមហ៊ុននេះបានបន្លំ លួចនាំចូលដោយខុសច្បាប់ មិនមានបិទលតបត្រ និងអនុញ្ញាតពីក្រសួងសុខាភិបាល ហើយធ្វើការចែកចាយ ជ្រកក្រោមស្លាកក្រុមហ៊ុនរបស់ខ្លួន ទើបយើងសហការគ្នាចុះស្រាវជ្រាវចាប់បាន។ឱសថដែលយើងបង្ក្រាប ធ្វើកំណត់ហេតុ រឹបអូសវត្ថុតាងទាំងនោះយកទៅរក្សាទុក ដើម្បីរាយការណ៍ទៅក្រសួង ដើម្បីសម្រេចនិងបន្តចុះត្រួតពិនិត្យ ពេលក្រោយទៀត ចំណែកអ្នកចែកចាយឱសថឲ្យគាត់ ធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាព ផាកពិន័យ និងធ្វើការអប់រំរួចអនុញ្ញាតឲ្យគាត់ទៅផ្ទះវិញ ៕