បាត់ដំបង ៖ បុរសម្នាក់លក់សាច់ជ្រូកក្នុងផ្សារថៃ ពេលសមត្ថកិច្ចបើករថយន្តល្បាត ប្រទះឃើញសពត្រូវគេវាយនិងឈើជ្រុង ស្លាប់ក្បែរផ្សាបុរីថ្មី ដោយម៉ូតូជនរងគ្រោះឋិតជិតសព កាលពីម៉ោង២១និង២២នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចផ្សាបុរីថ្មី ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង។
សមត្ថកិច្ចដាក់ការសន្និដ្ឋានករណីឃាតកម្មវាយសម្លាប់បុរសម្នាក់លក់សាច់ជ្រូកជារឿងគំនុំ មិនមែនករណីប្លន់នោះទេ ។
លោក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូនបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ តុម សុខម៉េង ភេទប្រុសអាយុ៣១ឆ្នាំរស់ ភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ សាកសពមានស្នាមបែកចង្កានិងផ្ទៃមុខ ត្រូវនឹងដំបងឈើជ្រុង ។ វត្ថុតាងដែលប្រមូលបាន មានសំបងឈើជ្រុង ១ ដើម និងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះ ។
តាមប្រភពប្រជាពលរដ្ឋបានប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងក្បែរផ្សាបុរីថ្មី ក្រោយមកកម្លាំងនគរបាលបើករថយន្តល្បាតក៏ប្រទះឃើញសពតែម្តង ។
កម្លាំងល្បាតរបស់នគបាលស្រុកបានអោយដឹងថា ពេលបើករថយន្តល្បាតរួចឈប់រថយន្តចុះទៅនោម ក៏ឃើញម៉ូតូ ម៉ាកឌ្រីម១២៥ពណ៍ខ្មៅមួយគ្រឿង តែមិនឃើញម្ចាស់ ក៏ឆួលពិលរកមើល ស្រាប់តែឃើញសាកសពមួយដេកស្លាប់នៅចម្ងាយ៥ទៅ៦ម៉ែតពីម៉ូតូ ។ បន្ទាប់មករាយការណ៍ទៅថ្នាក់លើ ហើយកម្លាំងនគបាលស្រុកសំពៅលូន និងកម្លាំងកងរាជអាវុធហាត្ថស្រុកបានចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗផងដែរ ។
លោក ពេជ្រ សារ៉ែន បានបញ្ជាក់ថា បច្ចុប្បន្នកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕