បាត់ដំបង ៖ លោក សុខ កុសល់ ភ្នាក់ងារកាសែត រស្មីតាដំបងគ្រញូង នាំថវិកា រ៉ៃអង្គាសពីអ្នកសារព័ត៌មានប្រចាំខេត្តបាត់ដំបងមួយចំនួន ទៅចូលបុណ្យសពលោក ឃិន វាសនា ភ្នាក់ងារកាសែតភ្នំពេញប្រេស៏ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចវត្តថ្មីភូមិ១៣ មករាសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពបានអោយដឹងថា លោក ឃិន វាសនា អាយុ៤០ឆ្នាំភ្នាក់ងារកាសែត ភ្នំពេញប្រេស៏ មានប្រពន្ធឈ្មោះ មាឃ សុគន្ធី អាយុ៣៥ឆ្នាំ ជាបុគ្គលិកពេទ្យនៅមន្ទីរពេទ្យយោធភូមិភាគទី ៥ និងមានកូនស្រីតូច អាយុក្រោម ៦ ឆ្នាំចំនួន ២ នាក់ ។
លោក ឃិន វាសនា បានបម្រើការងារជាអ្នកយកព័ត៌មានជាង១០ឆ្នាំមក ហើយមិនមានការប្រាស់ចាក់ពីក្រមសីលធម៌វីជ្ជាជីវៈឡើយ និងមានទំនាក់ទំនងល្អជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ។
ដោយឃើញទង្វើល្អរបស់សពបុគ្គលលោក ឃិន វាសនា ភ្នាក់ងារ កាសែតភ្នំពេញ ប្រេស៏អ្នកសារពត៌មានក្នុងខេត្តបាត់ដំបងមួយចំនួនបានរ៉ៃអង្គាសប្រាក់បានចំនួន ៣៦ ម៉ឺនរៀលក្នុងនោះ លោក គ្រី ចំរើន ប្រធានមន្ទីរព័ត៌មានខេត្តចូលប្រាក់ចំនួន ១០ ម៉ឺនរៀលផងដែរ យកទៅប្រគល់អោយប្រពន្ធសព ដើម្បីចូលរួមរំលែកទុក្ខ និងដើម្បីទុកជាប្រយោជន៍សំរាប់ក្រុមគ្រួសារនេះ ។
តាមប្រភពពីឈ្មោះ មាឃ សុគន្ធី អាយុ៣៥ឆ្នាំ ជាប្រពន្ធសពដែលកំពុងមើលកូនស្រីតូចអាយុក្រោម ៦ ឆ្នាំចំនួន ២ នាក់ អោយដឹងថា លោក ឃិន វាសនា ភ្នាក់ងារ កាសែតភ្នំពេញប្រេស៏មានជំងឺដុះដុំសាច់គ្រលាន ៣ កន្លែង ។ សាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ និងមន្ទីរពេទ្យបង្អែកបាត់ដំបង និងគ្រូខ្មែរជាច្រើនដង មិនជាសះស្បើយ ជំងឺនេះ មានរយៈពេល ២ ឆ្នាំមកហើយ ។ លុះម៉ោង៦និង១៨នាទីល្ងាចថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៥ ប្តីរបស់ខ្លួនឈ្មោះ ឃិន វាសនា បានទទួលមរណៈភាពមន្ទីរពេទ្យបង្អែកបាត់ដំបង ។
អ្នកស្រីឈ្មោះ មាឃ សុគន្ធី ជាប្រពន្ធសពបានថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលបានចូលរួមរំលែកទុក្ខបុណ្យសពប្តីតាំងពីថ្ងៃស្លាប់ រហូតដល់បុណ្យ ៧ ថ្ងៃរួចរាល់ សូមអោយបងប្អូនទាំងអស់មានសុខភាពល្អ ប្រកបការងារបានជោគជ័យគ្រប់ៗគ្នា ៕
តន់ ប៊ុនថេត