បាត់ដំបង ៖ យុវជនម្នាក់បានសម្រេចចិត្តយកខ្សែលួសចងនឹងធ្នឹមទ្វារក្រោយផ្ទះ ចងកសម្លាប់ខ្លួនដោយខឹងម្តាយ ស្តីបន្ទោសរឿងផឹកស៊ី កាលម៉ោង ៨ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
លោក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹក បានអោយដឹងថា យុវជនរងគ្រោះស្លាប់មានឈ្មោះ ជុន លីហួរ អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅ ភូមិកើតហេតុខាងលើ ។ វត្ថុតាងខ្សែលួសប្រវែង២ម៉ែត្រជាប់កជនរងគ្រោះនិងធ្នឹមទ្វារក្រោយផ្ទះ ។
ម្តាយសពជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីយប់ខ្លួនបានស្តីបន្ទោសកូនរឿងដើរផឹកស៊ី លុះព្រឹកឡើងក៏ឃើញកូនចងកស្លាប់នៅទ្វារក្រោយផ្ទះតែម្តង ។
លោក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា ក្រោយពីបានពិនិត្យមើល និងធ្វើកោសល្យវិច័យ លើសពបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន ។ សពជនរងគ្រោះ បានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សុខ កុសល់