បាត់ដំបង ៖ ស្ត្រីម្នាក់ជាប្រពន្ធជនសង្ស័យចេញមុខជំនួសប្តី យកថ្នាំញៀនម៉ាទឹកកក១ថង់ធំមានទម្ងន់ស្មើ៤៨,៨៧ក្រាមមកលក់ត្រូវកម្លាំងអាវុធហត្ថ ក្រុងបាត់ដំបងដាក់អន្ទាក់ឃាត់ខ្លួនជាក់ស្តែង រីឯប្តីគេចខ្លួនបាត់ កាលពីវេលាម៉ោង ១៧និង០០នាទីល្ងាចថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០១៥នៅចំណុចក្រុមទី៦ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។
លោក សំ វីឡុង មេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបងបានឲ្យដឹងថាស្ត្រីសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ វ៉ាន់ នី អាយុ២៤ឆ្នាំ មានប្តីឈ្មោះ អ៊ឹង វុទ្ធី អាយុ២៩ឆ្នាំមុខរបរ ជាងជួសជុលទូរស័ព្ទដៃ និងជាមេក្លោងមុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់ ។ ទាំង២នាក់ប្តីប្រពន្ធមានទីលំនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ វត្ថុតាងដែលដកហូតបានជាក់ស្តែងនៅចំណុចក្រុមទី៦ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង មានថ្នាំញៀនម៉ាទឹកកក១ថង់ធំមានទម្ងន់ស្មើនិង៤៨.៨៧ក្រាម និងការឆែកឆេរលំនៅដ្ឋានភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជាមួយលោក ហេង លុយ ព្រះរាជអជ្ញារងរកឃើញវត្ថុតាង ទូរស័ព្ទដៃចាស់ៗ ៣៧គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ដាវសាម៉ូរ៉ៃ១ លុយខ្មែរ១.១២០.០០០រៀល និងសម្ភារៈវេចខ្ចប់មួយ ចំនួនទៀត ។
ស្ត្រីសង្ស័យឈ្មោះ វ៉ាន់ នី បានឆ្លើយសារភាពថា ប្តីខ្លួន ជាអ្នករកស៊ី ចែកចាយថ្នាំញៀនពេលខ្លះណាត់ម៉ូយមកដោះដូរនៅផ្ទះ ពេលខ្លះ ដោះដូរនៅក្រៅផ្ទះ រីឯខ្លួនគ្រាន់តែទទួលវត្ថុ សម្ភារៈបញ្ចាំ ដោយភ្ញៀវខ្លះគ្មានប្រាក់ទិញថ្នាំ ហើយនៅថ្ងៃកើតហេតុ ប្តីបានប្រគល់ការងារអោយខ្លួនដោះដូរថ្នាំញៀន ក៏ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនតែម្តង ។
លោក សំ វិឡុង មេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបងបានបញ្ជាក់ថា ស្ត្រីសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ដើម្បីចាត់ការតានិតិវិធី ចំណែកបុរសសង្ស័យជាប្តីកំពុងស្វែរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕