បាត់ដំបង ៖ បុរសម្នាក់ជាកម្មករផ្សាដែក ពេលលើកដែកផ្សានៅលើដំបូលផ្ទះ ធ្វេសប្រហែសត្រូវចរន្តខ្សែភ្លើង នៅក្រោយខ្នងឆក់ស្លាប់ កាលពីម៉ោង ៨ ព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៥នៅផ្ទះសាងសង់ថ្មីមួយកន្លែង ក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹក បានអោយដឹងថា បុរសរងគ្រោះស្លាប់មានឈ្មោះ ពៅ បញ្ញា អាយុ២៩ឆ្នាំ ជាកម្មករ មានទីលំនៅភូមិរកាគយ ឃុំដំពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ផ្ទះថ្មមានកំពស់ ៨ ម៉ែត្រ កំពស់ ២ ជាន់ មានម្ចាស់ផ្ទះមានម្ចាស់ឈ្មោះហង្ស សុផុន អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។
ប្រភពសាក្សីបានអោយដឹងថា នៅព្រឹកកើតហេតុ បុរសរងគ្រោះបានឡើងលើដំបូលផ្ទះម្នាក់ឯង ដើម្បីផ្សារដេកចាប់ជ្រី ពេលកំពុងលើកដែក ដើម្បីផ្សា ក្បែរខ្សែភ្លើងត្រូវឆ្លងចរន្តស្រូបឆក់ប្រកាច់ស្លាប់ភ្លាមៗតែម្តង ។
លោកអធិការរងបានបញ្ជាក់ថា ជនរងគ្រោះធ្វើការក្បែរខ្សែភ្លើង ហើយមានដែកទៀតទើបងាយចរន្តភ្លើងស្រូបឆក់ នេះគឺមកពីការធ្វេសប្រហែស ជាធម្មតាខ្សែភ្លើងដែលតនៅតាមផ្លូវខាងជំនាញភ្លើងអោយមនុស្សនៅអោយឆ្ងាយចាប់ពី៥ម៉ែត្រ ទើបផុតពីការឆ្លងចរន្តឆក់ ។ សមត្ថកិច្ចបានរៀបចំទំលាក់សពចុះមកដី រង់ចាំប្រគល់អោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
សុខ កុសល