ខេត្តព្រះវិហារ ៖ សមត្ថកិច្ច ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បើកប្រតិបត្តិការចាប់ជនជាតិឡាវម្នាក់ និងដកហូតបាននូវសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន ១.៩៩៤ ក្រាម ស្មើរជិត ២ គីឡូក្រាម។
កិច្ចប្រតិបត្តិការដឹកនាំដោយលោកពៅសំអេងនាយមន្ទីរប្រឆាំងគ្រឿងញៀននិងលោកយិនបញ្ញារិទ្ធនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ធ្វើឡើងនៅវេលាម៉ោង ៥រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅតាមដងផ្លូវក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ហើយសំរេចឃាត់ខ្លួនជនជាតិឡាវម្នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម។
លោក ស៊ី គិរី ស្នងការបានអោយដឹងថា ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចជំនាញបាន ឃាត់ខ្លួនបុរសសង្ស័យជនជាតិឡាវម្នាក់ មានឈ្មោះ ភិត សាប៊ូនស៊ីម៉ាវ៉ាត ហៅ បេ អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិវ៉ាងតៅ ឃុំវ៉ាងតៅ ស្រុកមុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ម៉ាទឹកកកចំនួន ១.៩៩៤ ក្រាម ស្មើជិត ២ គីឡូក្រាម។
លោកស្នងការបានបញ្ជាក់ថា ការអនុវត្តផែនការនេះបានរលូនដោយការបញ្ជារនិងផ្តល់ជំនួយលើកទឹកចិត្តពី លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ ពេលមកចូលរួមបំពាក់សក្កិ និងចូលរួមបិទសន្និបាតនគរបាលប្រចាំឆ្នាំរបស់ស្នងការខេត្តព្រះវិហារ គឺលោកនាយឧត្តមសេនីយ៍ តែងតាំងដាក់បទបញ្ជាឲ្យស្នងការខេត្តព្រះវិហារ ធ្វើយ៉ាងណាបង្ក្រាបឲ្យទាន់ពេលវេលានូវបទល្មើសគ្រឿងញៀន ។ហើយនាយឧត្តមសេនីយ៍ បានបញ្ជាក់ក្នុងអង្គពិធីទាំងមូលថា ខេត្តណាដែលបង្ក្រាបគ្រឿងញៀន មានកំរិត ត្រូវទទួលបានការលើកទឹកចិត្ត ជាពិសេសមានការឧបត្ថម្ភថវិកា ឥឡូវលោកនាយឧត្តមសេនីយ៍ ខេង សុមេធ គាត់បានផ្តល់ជាការលើកទឹកចិត្តចំនួន ៥លាន ២សែនរៀល ដើម្បីឧបត្ថម្ភដល់កំលាំងនគរបាលដែលចូលរួមក្នុងប្រតិបត្តិការនោះ។
បច្ចុប្បន្នបុរសសង្ស័យ ជនជាតិឡាវនិងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ម៉ាទឹកកកចំនួន ១.៩៩៤ ក្រាម ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារ ដើម្បីចាត់ការតាមនិតិវិធី ៕
ជាសំអាត