0

ប្រជាពលរដ្ឋ​ថា​ការអនុវត្ត​សាលដីកា​សំណុំរឿង​៧៩​ឈ​នៃ​ផ្ទះ​លេខ​៥៤​អយុត្តិធម៌​សូម​សម្តេច​ហ៊ុន​សែន​ជួយ​រក​យុត្តិធម៌​

ប្រជាពលរដ្ឋ​ថា​ការអនុវត្ត​សាលដីកា​សំណុំរឿង​៧៩​ឈ​នៃ​ផ្ទះ​លេខ​៥៤​អយុត្តិធម៌​សូម​សម្តេច​ហ៊ុន​សែន​ជួយ​រក​យុត្តិធម៌​

​បាត់ដំបង ៖ ប្រជាពលរដ្ឋ​ញាតិ​ជិតខាង ដែល​ស្គាល់​លោក ព្រហ្ម ចំរើន ជា​ម្ចាស់ផ្ទះ​លេខ​៥៤​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​យល់ថា ការអនុវត្ត​សាលដីកា​សំណំះ​រឿង ៧៩ ឈ នៃ​ផ្ទះ​លេខ​៥៤ អោយ​លោក ព្រហ្ម ចំរើន ចេញពីផ្ទះ ដោយ​អោយ​លោក ពៅ ស៊ុត ឈ្នះ​ក្តី គឺ​មាន​ភាពអយុត្តិធម៌ ទើប​ចេញ​មុខ​ជួយ​គាំទ្រ និង​សូម​សម្តេច ហ៊ុន សែន ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​នេះ​ឡើង​វិញ​ផង កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ ២០១៥ ។​

​លោក ពៅ ស៊ុត អាយុ​៧១​ឆ្នាំ ភាគី​ដើមបណ្តឹង មាន​ទីលំនៅ​ភូមិ​អង់​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង បានអោយដឹងថា ផ្ទះ​លេខ​៥៤ ផ្នែក​ខាង​មុខ​ទំហំ ៤,៤០ ម គុណ​១៦,៥០ ម ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង លោក​បាន​រស់​នៅ​តាំងពី​ឆ្នាំ ១៩៧៩ ដោយ​ផ្ទះ​នេះ លោក កុយ ប៊ុន​ថា ប្រធាន​យោធា​ខេត្ត​ជា​អ្នក​ប្រគល់អោយ​ខ្លួន ។ លុះ​ឆ្នាំ​១៩៨៦​ឈ្មោះ ព្រហ្ម ចំរើន ជា​មន្ត្រី​យោធា​បាន​ខ្ចី​រស់នៅ​រហូត ហើយ​ឆ្នាំ​១៩៩២ ខ្លួន​(​ពៅ​ស៊ុត​) ក៏​បាន​ដាក់​បណ្តឹងទាមទា​វិញ ។​
​លោក ព្រហ្ម ចំរើន អាយុ​៦៤​ឆ្នាំ ជា​មន្ត្រី​យោធា​ផ្នែក​ហិរញ្ញវត្ថុ កងពល​លេខ​ថ្មើរជើង​៥៣ និង​ជា​អ្នក​រស់នៅ​លើ​ផ្ទះ​កើតហេតុ បានអោយដឹងថា រូបគាត់​បាន​រស់នៅ​លើ​ផ្ទះ​ខាងលើ​តាំងពី​ឆ្នាំ​១៩៨៣​មក ពេលនោះ ផ្ទះថ្ម​ក្នុង​ក្រុង​បាត់ដំបង​នរណា​ចូល​រស់នៅ​ក៏បាន ព្រោះ​ផ្ទះ​ទាំងនោះ​ជា​សម្បត្តិ​បេតិក​ភ័ណ្ឌ​ជ័យជំនះ​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩ ពី​របប​ប្រល័យ​ពូជសាសន៍ ។​លុះ​ឆ្នាំ​១៩៩២​ឈ្មោះ​ពៅ​ស៊ុត​បានដាក់​បណ្តឹងទាមទា​រ​យក​ផ្ទះ​    ​ដោយ​មាន​ឯកសារ​ប្រធាន​យោធា​ខេត្ត​ចេញ​អោយ (​ក្នុង​អង្គប្រជុំ​) ទើប​គេ​ប្តឹង​ឈ្នះក្តី​នេះ ។ ប៉ុន្តែ​ក្រោយមក​ខ្លួន (​ព្រហ្ម ចំរើន​) រកឃើញ​ឯកសារ​របស់​ឈ្មោះ ពៅ ស៊ុត ជា​ឯកសារ​ក្លែងក្លាយ ដោយ​មាន​ការដឹង​ឭ​ពី​លោក​ជា​រស់​មេបញ្ជាការរង​ភូមិភាគ​ទី​៥​និង​លោក ម៉ន សាម៉ុន អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​សៀមរាប​ថា នៅក្នុង​អង្គប្រជុំ​មិន​បាន​លើក​ហេតុផល ឬ​ចេញ​ឯកសារ​រឿង​ផ្ទះ​ឌុរ​ដី​អោយ​លោក​ពៅ ស៊ុត ឡើយ ក្រោយមក​លោក​បាន​ដាក់​បណ្តឹង​ជំទាស់​រឿង​ឯកសារ​ក្លែងក្លាយ​នេះ ប៉ុន្តែ​ខាង​តុលាការ មិន​អនុវត្ត​ចាប់​ជន​ប្រព្រឹត្ត​ខុស​និង​ក្លែង​ឯកសារ​នេះឡើយ ។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រែក​មហាទេព ដោយ​ឃើញ​ភាពអយុត្តិធម៌​បាននាំគ្នា​មក​គាំទ្រ​លោក ព្រហ្ម ចំរើន និង​ប្រាប់​អ្នក​មក​ចូលរួម​អនុវត្តន៍ សាលដីកា​ទាំងឡាយ​ថា ផ្ទះ​លេខ​៥៤​ភូមិ​ព្រែក​មហាទេព គឺ​ឃើញ​ក្រុមគ្រួសារ​លោក ព្រហ្ម ចំរើន រស់​នៅ​ជាង ៣០ ឆ្នាំ​កន្លង​មក​ហើយ​តាំងពី​មិនទាន់​មាន​កូន រហូតដល់​មាន​ចៅ ចំណែក​ភាគី​ឈ្មោះ ពៅ ស៊ុត មិនដែល​ឃើញ​មក​រស់នៅ​ក្នុង​ផ្ទះ​នេះ ឬ​ក្នុង​ភូមិ​នេះឡើយ ។ ពាក្យ​ដែល​លោក ពៅ ស៊ុត ថា​មក​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៦ គឺជា​ពាក្យ​កុហក់​ទេ ។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​បានបញ្ជាក់​ថា សម័យនេះ ការរស់នៅ​សក់​អ្នកណា​ក្បាល​អ្នកហ្មឹង តែ​ដោយ​ឃើញ​រឿង​អយុត្តិធម៌​របស់លោក ព្រហ្ម ចំរើន ចាញ់​ក្តី​ដោយ​អយុត្តិធម៌ ទើប​ប្រជាជន​ក្នុងភូមិ​ចំណាយ​ពេលវេលា និង​លះបង់​កិត្តិយស ចូលរួម​ប្រឆាំង​ការអនុវត្ត​សាលដីកា​និង​សូម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​ជួយ​រក​យុត្តិធម៌​ដល់​ក្រុមគ្រួសារ​លោក ព្រហ្ម ចំរើន អោយបាន​រស់​នៅលើ​ផ្ទះ​លេខ ៥៤ ភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​នេះ​តទៅទៀត ៕

 

20150521a (1) 20150521a (2) 20150521a (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment