បាត់ដំបង ៖ កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ នៅភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹកមានករណីផ្ទុះម៉ីនតោន ពេលម្ចាស់ចម្ការជួលអោយភ្ជួររាស់លើដីចម្ការធ្លាប់ដាំដុះ៥ឆ្នាំ បណ្តាលអោយបុរសម្នាក់បើកត្រាក់ទ័ររងរបួសស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ប្រភពពីនគរបាលស្រុកភ្នំព្រឹកបានអោយដឹងថាបុរសរងគ្រោះ ស្លាប់ក្នុងហេតុការណ៍ផ្ទុះម៉ីនតោនមាន ឈ្មោះ សន ស៊ីម អាយុ៣៦ឆ្មាំ មុខរបរកម្មករស៊ីឈ្នួល បើកត្រាក់ទ័ររស់ក្នុងភូមិកើតហេតុ។ចំណែកម្ចាស់ចម្ការមានឈ្មោះ ប្រាក់ មុន្នី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
ម្ចាស់ចម្ការបានឲ្យដឹងថា ដីចម្ការខាងលើគាត់បានភ្ជួររាស់ដាំដំឡូងពោតហើយមិនដែរជួបបញ្ហាអ្វីទេហើយនៅឆ្នាំ២០១៥ជួលត្រាក់ទ័រឈ្មោះ សន ស៊ីមមកភ្ជួរដីក៏ជួបឧប្បតហេតុតែម្តង។
សមត្ថកិច្ចដាក់ការសង្ស័យថា ការភ្ជួរធ្វើជាចម្ការ លើកមុនៗដោយផាលត្រាក់ទ័រ មិនមុតជ្រៅទៅដល់កន្លែងគ្រាប់មីន ។ ប៉ុន្តែភ្ជួរលើកនេះ ផាលត្រាក់ទ័រមុតជ្រៅ ទៅចំគ្រាប់មីនតោន បណ្តាលផ្ទុះនិងបង្កឲ្យមានអ្នកបើកបរត្រាក់ទ័ររងគ្រោះស្លាប់តែម្ដង ៕