បាត់ដំបង ៖ បុរស២នាក់ធ្វើអត្តឃាតដោយខឹងប្រពន្ធដូចគ្នា ដោយបុរសម្នាក់ចងកសម្លាប់ខ្លួននៅបន្ទប់ទឹកកាលពីវេលាម៉ោង០៤និង៤០នាទីបៀតភ្លឺ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ ភូមិអូរគគីឃុំអូរគគី ស្រុកថ្មគោល និងម្នាក់ទៀតផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន កាលពីម៉ោង៧ព្រឹកថ្ងៃទី៣ខែឧសភាឆ្នាំ២០១៥នៅភូមិលំផាត់ឃុំអូរដារស្រុកកំរៀង ។
ប្រភពពីលោក ហៀង ប៊ុនថា អធិការរងនគរបាលស្រុកថ្មគោល បានអោយដឹងថា បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះ មែន ភាព អាយុ២៧ឆ្នាំ មានទីលំនៅក្រុមទី៣ ភូមិអូរគគី ឃុំអូរគគី ស្រុកថ្មគោល ។ ជនរងគ្រោះចងកក្នុងបន្ទប់ទឹក ដោយយកក្រណាត់តជាខ្សែចំនងប្រវែង០,៥ម៉ែត្រ ចងកផ្ពក់ប្រហោងជញ្ជាំង (ប្រហោងព្រិលខ្យល់) បន្ទប់ទឹក ។ ករណីចងកនេះ គឺបណ្តាលមកពីខឹងប្រពន្ធសុំលែងច្រើនដងពេក ។
ប្រភពពីលោក ស្រី វុឌ្ឍី អធិការរងនគរបាលស្រុកកំរៀងបានអោយដឹងថា បុរសរងគ្រោះផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន មានឈ្មោះ យ៉ង ភាព អាយុ៣៥ឆ្នាំនិងមានប្រពន្ធឈ្មោះសាត ចាន់ ភាពអាយុ៣៥ឆ្នាំមានទីលំនៅភូមិលំផាត់ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ។ ជនរងគ្រោះស្រវឹងស្រាបានផឹកថ្នាំបាញ់ស្មៅមិនស្គាល់ម៉ាក អស់ចំនួន១គំរបប៊ីដុង ដោយខឹងប្រពន្ធជេរប្រមាថថា មួយថ្ងៃៗការងារមិនធ្វើ ដើរផឹកស៊ីត្រប៉ែរជេរគេឯង ស្រវឹងត្រប៉ែរណាស់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីទាំង២ខាងលើ ពិតជាធ្វើអត្តឃាតសម្លាប់ខ្លួនប្រាកដមែន មិនមានករណីឃាតកម្មទេ ៕