បាត់ដំបង ៖ បុរសម្នាក់មានប្រពន្ធហើយមានសង្សារឆបោកយកទូរស័ព្ទនិងគ្រឿងអលង្ក័កានាងទៅបញ្ចាំច្រើនដង ប៉ុន្តែការឆបោកទូរស័ព្ទនាងយកទៅបញ្ចាំចុងក្រោយ ត្រូវអាវុធហត្ថខេត្តវាយជាប់ខ្នោះ កសាងសំណុំរឿងបញ្ជូនទៅតុលាកា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចាត់ការតាមនិតិតិវិធី ។
ហេតុការណ៍ជាប់ខ្លួនបុរសជនសង្ស័យធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ នៅផ្ទះសំណាក់ឌឺវើល ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
លោក ឡាច ប្រុស ប្រធានការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសអាវុធហត្ថខេត្ត បានអោយដឹងថា បុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឆែម ស៊ឹមហុង អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ លី ដារដ្ឋ អាយុ១៩ឆ្នាំ មានទីលំនៅ ក្នុងភូមិជាមួយបុរសសង្ស័យ ។
ស្ត្រីរងគ្រោះបានអោយដឹងថា ខ្លួនបានទំនាក់ទំនងស្នេហាជនសង្ស័យឈ្មោះ ឆែម ស៊ឹមហុង តាំងពីខែមេសា ឆ្នាំ២០១៤ ដោយមិនដឹងថា ជនសង្ស័យមានប្រពន្ធទេ នៅខែឧសភា ឆ្នាំ២០១៤ ជនសង្ស័យធ្លាប់បានខ្ចីទូរស័ព្ទម៉ាក អាយហ្វូនថា យកទៅឆែកព័ត៌មាន ប៉ុន្តែខ្ចីទៅបញ្ចាំគេ១៣០ដុល្លា ។ នៅខែកក្កដា ជនសង្ស័យបានលួងលោមខ្ចីខ្សែកប្លាទីន ១ ខ្សែទៅ បញ្ចាំគេ៧០ដុល្លា ដោយសន្យាលួសសងវិញ ព្រោះតែគេមិនសងវិញខ្លួនបានផ្តាច់ទំនាក់ទំនងស្នេហាជាមួយគេ តាំងពីខែមករា ឆ្នាំ២០១៥ មក ។
ស្ត្រីរងគ្រោះបានបញ្ជាក់ថា លុះវេលាម៉ោង ៧ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ ឈ្មោះ ឆែម ស៊ឹមហុង បានទូរស័ព្ទទំនាក់ទំនងហៅខ្លួន ទៅជួបនៅផ្ទះសំណាក់ឌឺវើលម្តងទៀត ដោយលួងលោមសុំខ្ចីទូរស័ព្ទម៉ាកកាឡាក់ស៊ីថាបហ្វយកទៅបញ្ចាំ យកប្រាក់បង់ថ្លៃផ្ទះសំណាក់ និងការហូបចុកដោយសន្យានឹងខ្លួនថា គាត់យកប្រាក់មកលួសយកទូរស័ព្ទអោយវិញនៅរសៀលថ្ងៃដដែល ប៉ុន្តែមិនដូចការសន្យាចាំបាត់ចាំបាត់ ទើបប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ។
ជនសង្ស័យសារភាពថា ពិតជាបានខ្ចីទូរស័ព្ទនាងទៅបញ្ចាំពិតប្រាកដមែន ៕