0

លោក ឌី ពៅ អភិបាលរងក្រុង​បាត់ដំបង​រង​ការចោទប្រកាន់​ឃុបឃិត​សង់​លំនៅដ្ឋាន​បំពាន​កិច្ចព្រមព្រៀង​

លោក ឌី ពៅ អភិបាលរងក្រុង​បាត់ដំបង​រង​ការចោទប្រកាន់​ឃុបឃិត​សង់​លំនៅដ្ឋាន​បំពាន​កិច្ចព្រមព្រៀង​

​បាត់ដំបង ៖ លោក ឌី ពៅ អភិបាលរងក្រុង​បាត់ដំបង រង​ការចោទប្រកាន់​ឃុបឃិត​និង​ម្ចាស់ផ្ទះ ៤០៣ E1E2 ក្រុមទី​១១ ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បើកដៃ​អោយ​សង់​លំនៅដ្ឋាន​ជាន់​លើ​បំពាន​កិច្ចព្រមព្រៀង អ្នក​រស់នៅ​ផ្ទះ​ជាន់​ក្រោម ៤០៣ E0 ដែល​មាន​ជញ្ជាំង​ពិ​ដាន​ប្រេះស្រាំ តាំងពី​ថ្ងៃ​១៣ ខែតុលា ឆ្នាំ​២០១៤ ដល់​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥ ។​

​លោក ឆៃ ឆិល ម្ចាស់ផ្ទះ​៤០៣E0 បានអោយដឹងថា ឈ្មោះ សំ កុម្ភៈ​រ័ត្ន ភេទ​ស្រី បាន​មក​ទិញ​ផ្ទះ​៤០៣E1E2 ហើយ​សុំ​ជួសជុល​តិចតួច កាលពី​ថ្ងៃ​១៣ ខែតុលា ឆ្នាំ​២០១៤ ខ្លួន​អនុញ្ញាតិ​ឲ្យ​ជួសជុល ប៉ុន្តែ​ការជួសជុល​ខុស​ប្រក្រតី ទើប​ខ្ញុំ​ប្តឹង​ទៅ​ជំនាញ ។​

​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ មន្ត្រី​ជំនាញ​ចុះ​អង្កេត មាន​ទី​១​លោក ស៊ឹម វុត្ថា ប្រធាន​ការិយាល័យ​សំណង់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី​ខេត្ត ។ ទី​២​លោក ប៉ូ យី អនុប្រធាន​ការិយាល័យ​សំណង់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ សុរិយោដី​ក្រុង ។ ទី​៣ លោក តូច ភី មន្ត្រី​ការិយាល័យ​សំណង់ នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ សុរិយោដី​ក្រុង ពិនិត្យឃើញថា សំណង់​ដែល​ឈ្មោះ សំ កុម្ភៈ​រ័ត្ន កំពុង​ស្នើសុំ​ជួសជុល​បាន​សាងសង់​តាំងពី​ទស្សវត្ស​ឆ្នាំ​១៩៧០ ហើយ​ផ្នែក​ខ្លះ នៃ​អាគារ​មាន​សភាព​ប្រេះស្រាំ​ជា​អន្លើរៗ ដូច្នេះ​សូម​ផ្តល់​យោបល់​ដល់​ម្ចាស់ផ្ទះ​ដូចខាងក្រោម ៖ គួរ​ប្រក់​ដំបូល​ស៊ី​ប្រូ ធ្វើ​អំពី​ឆ្អឹង​ដែក ឬ​ឈើ ជញ្ជាំង​ធ្វើ​ពី​ស៊ី​ប្រូប្រូលា​ត ឬ​ប្រភេទ​ជញ្ជាំង​ឥដ្ឋ​ស្រាល ហាម​រៀប​ឥដ្ឋ​ធ្វើ​បន្ទប់ ក្រាល​ការ៉ូ ប្រភេទ​ស្រាល​បំផុត មិន​ត្រូវ​ប្រើ​អាងទឹក ឬ​សម្ភារៈ​ធ្ងន់​លើ​អាគារ​នេះ ជាដាច់ខាត​ដើម្បី​សុវត្ថិភាព​អាគារ ។​

​លោក ឆៃ ឆិល បានបញ្ជាក់​ថា ទោះជា​មាន​កិច្ចព្រមព្រៀង​ខាងលើនេះ ម្ចាស់ផ្ទះ​ឈ្មោះ​សំ កុម្ភៈ​រ័ត្ន បាន​សាងសង់​បំពាន​ធ្វើ​បន្ទប់ទឹក និង​រៀប​ឥដ្ឋ​បន្ថែម ពេល​ប្តឹងទៅ​លោក ឌី ពៅ​អភិបាលរងក្រុង គ្មាន​ចំណាត់កា​រហើយ​ប្តឹង​ទៅ​លោក សៀង ឯម​វូ​ន​ស្ហី អភិបាលក្រុង​ថា និង​រុះរើ​សំណង់​នេះ​ចេញ តែ​រហូត​ពេលនេះ​មិនមាន​ចំណាត់ការ​ណាមួយ​អោយ​ទុកចិត្ត ។ រូប​ខ្ញុំ​គ្រាន់តែ​ចង់អោយ​មាន​ការធានា ពេល​មាន​ការបាក់​ស្រុត​បង្ក​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​រស់នៅ​ខាងក្រោម​មិន​មាន​ការជំទាស់​អ្នក​សាងសង់​ឡើយ ។​

​លោក ឌី ពៅ អភិបាលរងក្រុង​បាត់ដំបង ដែលជា​អ្នក​កាន់​សំណុំរឿង​នេះ​បាន​បកស្រាយ​កាល​រសៀល​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥ ថា ចំពោះ​ឈ្មោះ សំ កុម្ភៈ​រ័ត្ន រូបលោក​បាន​អោយ​ផ្អាក​ការសាងសង់​ជា​ច្រើន​ដង តែ​គាត់​មិន​ឈប់ រហូត​ដាក់​កម្លាំង​ចាប់​ជាង​សាងសង់​ទៀត តែ​គាត់​នៅតែ​សាងសង់​បន្ត ។ ចំពោះ​សំណុំរឿង​ទាំងនេះ លោក​បាន​បញ្ជូន​ទៅ​សាលាខេត្ត​ហើយ​មិនដឹង​ថ្នាក់លើ​គាត់​ចាត់ការ​បែបណា​នោះទេ​? ។​

​ពាក់ព័ន្ធ​ករណី​នេះ លោក ងួន រតនៈ អភិបាលរង​ខេត្ត​បានអោយដឹង កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៥ ថា ចំពោះ​រឿង​សាងសង់​ផ្ទះ មានទំនាស់​៤០៣E0​និង​E1E2​ក្រុមទី​១១​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង រូប​លោក​មិន​បានដឹង​ទេ ហើយក៏​មិន​ទាន់​ឃើញ​មាន​ឯកសារ​បញ្ជូន​មក​ដែរ ដូច្នេះ​ចាំ​រូប​លោក​ស្រាវជ្រាវ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៧ បន្តទៀត ៕

 

20150427rt1 (1) 20150427rt1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment