បាត់ដំបង ៖ កម្លាំងនគរបាលស្រុកសំពៅលូនឃាត់ខ្លួនបុរសម្នាក់ កាន់កាប់រក្សាទុកថ្នាំញៀនប្រភេទយ៉ាម៉ា៥៩៧គ្រាប់ កាលពីម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥នៅផ្ទះសំណាក់យីហោ តាយហេង ១ ចំណុចក្រុមទី ៦ ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូនបានអោយដឹងកាលរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ ថា បុរសសង្ស័យឃាត់ខ្លួនមានឈ្មោះ ឯម ស៊ី អាយុ៤៦ឆ្នាំ ជាយោធា ស្រុកកំណើតភូមិខ្នា ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅបន្ទាយលេខ៥៣៣ ភូមិបួរឃុំបួរស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ វត្ថុតាងដកហូតបានថ្នាំញៀនប្រភេទយ៉ាម៉ា៥៩៧គ្រាប់ ។
ជនសង្ស័យឈ្មោះ ឯម ស៊ី បានសារភាពថា ថ្នាំញៀនទាំងនេះខ្លួនទិញពីឈ្មូញនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។
លោក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូនបានបញ្ជាក់ថា បុរសសង្ស័យនិងវត្ថុតាងថ្នាំញៀនប្រភេទយ៉ាម៉ា៥៩៧គ្រាប់ ត្រូវបានរៀបចំកសាងសំណុំរឿងពីបទកាន់កាប់រក្សាទុកនូវគ្រឿងញៀនដោយខុសច្បាប់ទៅស្នងការដ្ឋាននគរបាលខេត្តរបាត់ដំបងចាត់ការតាមផ្លូវច្បាប់ ៕