ខេត្តកោះកុង ៖ ថ្មីៗនេះ ប្រភពបានទម្លាយឲ្យដឹងថាមន្ត្រីគយបានចុះចាប់រថយន្ត ដឹកប្រេងគេចពន្ធ ចំណុះ ២២០០០ លីត្រ យកទៅរក្សាទុកនៅសាខាគយ ខេត្តកោះកុង គេដឹងថាម្ចាស់រថយន្ត និងទំនិញគេចពន្ធ ដែលគេស្គាល់ឈ្មោះ យឹម ផេង ហៅរស្មី ស្នងការរងខេត្ត កោះកុង ដែលល្បីខាងប្រកបមុខរបរ រកស៊ីនាំទំនិញគេចពន្ធចូលស្រុក ហើយរត់ខ្វែងដៃ ខ្វែង ជើងទំនាក់ទំនង ជាមួយមន្ត្រីគយចល័ត ជើងទឹក ដែលធ្លាប់រកស៊ីមុខរបរមិន ស្របច្បាប់ដូចគ្នា ដើម្បីដោះស្រាយ ក្រៅប្រព័ន្ធច្បាប់ ហើយក៏ ទំនាក់ទំនងបិទមាត់ អ្នកសារព័ត៌មាន ផងដែរ ។
កាលពី រសៀលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០១៤ រថយន្តដឹកប្រេង ម៉ាស៊ូតចំនួន១គ្រឿង ដែលមានស្លាក សញ្ញាសំគាល់ របស់ក្រុមហ៊ុនកម្ពុជា តេលា ត្រូវបានសមត្ថកិច្ចគយខេត្តកោះ កុងសហការ ជាមួយគយចល័តជើង ទឹកប្រចាំខេត្តស្ទាក់ចាប់ នៅចំណុច ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង ។ រថយន្ត ដែលប្រើឡូហ្គោក្រុមហ៊ុន កម្ពុជាតេលា ជារថយន្តស៊ីទែន ចំណុះ ២២០០០លីត្រ ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខភ្នំពេញ 3A-7816 ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ៤ កក្កដា ២០១៤ កន្លងមកនេះ ក៏មាន ករណីនាំចូលសាច់មានអន់ គុណភាពប្រមាណ១៧តោនដែលគេដឹងថានាំ ចូលដោយភរិយាជើងខ្លាំងរបស់លោកយឹមផេងផងដែរ។
នៅទូទាំងខេត្ត កោះកុង នរណាក៏បានដឹងពីសិទ្ធិអំណាច របស់លោក យឹម ផេង ដែល ល្បីឈ្មោះ ក្នុងការប្រកបអាជីពរកស៊ីដឹកជញ្ជូន ប្រេងសាំងនិងទំនិញគេចពន្ធតាមដែនសមុទ្រយ៉ាងគគ្រឹកគគ្រេងផងដែរ។
លោក យឹម ផេង បានបើកស្ថានីយ៍ស្តុកនិងលក់ប្រេង គេចពន្ធដ៏ធំមួយកន្លែង ស្ថិតនៅតាមដងផ្លូវជាតិលេខ៤៨ ដោយយកឈ្មោះក្រុមហ៊ុនប្រេងស្របច្បាប់មកធ្វើជាខែល។ ប៉ុន្តែជាក់ស្តែងគឺស្ថានីយ៍ប្រេងឥន្ធនៈមួយនោះ លក់ចែកចាយប្រេងសាំងគេចពន្ធ ដែលលោក យឹម ផេង នាំចូលតាមដែនសមុទ្រ ក្នុងមួយថ្ងៃៗរាប់ម៉ឺនលីត្រ ដោយដឹកជញ្ជូនតាមទូកធំៗ ។ ក្រៅពីជំនួញនាំចូលប្រេងសាំងគេចពន្ធ គេដឹងថាលោក យឹម ផេង ក៏មានពាក់ព័ន្ធនឹងការនាំចូលគ្រឿងទេស និងទំនិញចម្រុះមកពីស្រុកសៀម យកមកលក់ចែកចាយលើទឹកដីខេត្តកោះកុង ដោយមិនមានការបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវនោះទេ គឺរាប់សិបឆ្នាំមកហើយ ដែលលោក យឹម ផេង រួមទាំងភរិយារបស់គាត់ បានក្លាយជាមេឈ្មួញរកស៊ីដឹកជញ្ជូន ទំនិញគេចពន្ធដ៏មានឥទ្ធិពល។
ទោះជាលោក យឹម ផេង ប្រឡូកក្នុងការរកស៊ី ដឹកជញ្ជូនទំនិញគេចពន្ធដោយផ្ទាល់ ឬគ្រាន់តែធ្វើជាខ្នងបង្អែក ឲ្យភរិយារបស់គាត់ គឺវាដូចតែគ្នាទេ គ្មាននរណាហ៊ានប៉ះពាល់ឡើយ ដោយសារតែគេយោគយល់ ណាមួយលោក យឹម ផេង ចេះបែងចែកផលប្រយោជន៍ខ្លះៗ ឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀត ទើបការដឹកជញ្ជូនទំនិញគេចពន្ធ របស់គាត់អាចដំណើរការដោយរលូនល្អ។ពលរដ្ឋបានលើកឡើងថាប្រសិនបើគ្មានលោក យឹម ផេង ជាខ្នងបង្អែកភរិយាជើងខ្លាំងរបស់គាត់ មិនអាចចាប់យកអាជីព នាំចូលទំនិញគេចពន្ធ បំផ្លាញចំណូលថវិកាជាតិ ច្រើនសន្ធឹកសន្ធាប់បែបនោះឡើយ៕