បាត់ដំបង ៖ សម្រែកក្រុមគ្រួសារជនរងគ្រោះសំណុំរឿង ៧៩ ឈ នៃផ្ទះលេខ៥៤ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង សូមអំពាវនាវឲ្យអ្នកច្បាប់ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៌ កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ បន្ទាប់ពីមានដីកាបង្គាប់អោយរុះរើផ្ទះ ចេញមុនថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ ដែលផ្ទះនេះ គ្រួសារជនរងគ្រោះធ្លាប់រស់នៅជាង ៣០ ឆ្នាំកន្លងមក ។
តាមដីកាលេខ ២៣ ដកអវ/០១៥ បង្គាប់អនុវត្តដោយស្ម័គ្រចិត្ត យើង តូច សុភក្តី ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។ បានឃើញពាក្យសុះ អនុវត្តនៃសាលដីការបស់ឈ្មោះ ពៅ សុត ចុះថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១១ តាមសាលដីកាលេខ៧៩ឈ ចុះថ្ងៃទី១០ ខែមិនា ឆ្នាំ២០១១ របស់តុលាកាកំពូល បានសម្រេចត្រង់៣ចំណុចថា សម្រេចជាថ្មីប្រគល់ផ្ទះទំនាស់លេខ៥៤E0 ផ្នែកខាងមុខ ទំហំ៤,៤០មគុណ១៦,៥០ម ឲ្យឈ្មោះ ពៅ សុតគ្រប់គ្រង ។
តាមដីកាបង្គាប់ខាងលើ យើងបង្គាប់អោយឈ្មោះ ព្រហ្ម ចំរើន រុះរើសម្ភារៈនិងចាកចេញពីផ្ទះ ដែលមានទំនាស់យ៉ាងយូរបំផុត រយៈពេល១៩ថ្ងៃ គិតចាប់ថ្ងៃទទួលដំណឹងថ្ងៃទី ៧ខែមេសា ឆ្នាំ២០១៥ ។
លោក ព្រហ្ម ចំរើន ម្ចាស់ផ្ទះបានអោយដឹងថា ការចេញដីការបង្គាប់អោយរុះរើលេខ២៣ដកអវ/០១៥ មិនបានពិនិត្យមើលដីកាមហាអយ្យការតុលាការកំពូលលេខ ១០០/១៣មអក របស់អគ្គព្រះរាជអជ្ញាតុលាការកំពូល ជំរាបមកលោកព្រះរាជអជ្ញាសាលាដំបូង ចុះថ្ងៃទី១៦ មេសា ឆ្នាំ២០១៣ ដោយអគ្គព្រះរាជអជ្ញារង ឈួន ចាន់ថា (ចេញក្រោយចុះថ្ងៃទី១០ ខែមិនា ឆ្នាំ២០១១ របស់តុលាការកំពូល បានសម្រេចត្រង់៣ចំណុចថា សម្រេចជាថ្មីប្រគល់ផ្ទះទំនាស់លេខ ៥៤E0 ផ្នែកខាងមុខ ទំហំ ៤,៤០ ម គុណ ១៦,៥០ ម ឲ្យឈ្មោះ ពៅ សុត គ្រប់គ្រង) ។ ចំណែក លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានចេញលិខិតជូនដំណឹងលេខ ៣០៣ កមរ.រវណ/១៥ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ថា ម្ចាស់ផ្ទះបើយល់ថាតុលាការកំពូលចេញដីកាមិនត្រឹមត្រូវ អាចដាក់ពាក្យបណ្តឹង សុំធ្វើការជំនំជំរះជាថ្មីតាមមាត្រា៣០៧ នៃក្រមនិតិវិធីរដ្ឋប្បបវេណីបាន ។
តាមប្រភពសាក្សី រស់នៅជុំវិញផ្ទះទំនាស់បានអោយដឹងថា គ្រួសារលោក ព្រហ្ម ចំរើនពិតជាបានរស់នៅលើផ្ទះ៥៤ តាំងពីឆ្នាំ១៩៨៣ និយាយរួមតាំងពីមិនទាន់មានកូនរហូតបានកូន៤នាក់ គិតទៅជាង៣០ឆ្នាំមកហើយ ។ ចំណែកភាគីឈ្មោះ ពៅ សុត ប្តឹងយកផ្ទះលោកព្រហ្ម ចំរើន នោះ មិនស្គាល់មុខមាត់បែបណានោះទេ ហើយបើអោយលោក ព្រហ្ម ចំរើន រុះរើផ្ទះចេញ គឺអយុត្តិធម៌ណាស់ ៕