ខេត្តរតនគិរី ៖ កុមារាម្នាក់អាយុ១១ឆ្នាំ ត្រូវជនមិនស្គាល់មុខធ្វើទារុណកម្ម វាយចងជាប់ និងបង្អួចរហូតដល់ស្លាប់ ពេលឪពុកម្តាយចេញទៅទិញម្ហូប នៅផ្សារបានលុងក្រុងបានលុង ។ ហេតុការណ៍នេះ ដ៏រន្ធត់នេះបានកើតឡើង កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនៈគិរី ។
ប្រភពសមត្ថកិច្ចបានអោយដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះ ខូវ ចុងគីមជាង អាយុ១១ឆ្នាំ មានម្តាយឈ្មោះ ហ៊ុយ ស៊ាង អាយុ៤៨ឆ្នាំ និងឪពុកឈ្មោះ ឆ ថាយ អាយុ៥០ឆ្នាំ និងបងប្អូនចំនួន៣នាក់ស្រី១ប្រុស២នាក់ ហើយក្មេងប្រុសស្លាប់នេះ ជាកូនពៅក្នុងគ្រួសារ ។
ឪពុកម្តាយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុពួកខ្លួនបានបើករថយន្តទៅទិញម្ហូបនៅឯផ្សារក្រុងបានលុង ហើយទុកកូនប្រុសពៅនៅផ្ទះម្នាក់ឯង ពេលទៅដល់ផ្សារកូនរងគ្រោះ (ក្មេងស្លាប់) បានទួរសព្ទ័ឲ្យម្តាយទិញសម្លរចាណាង ឲ្យស៊ីផង តែម្តាយឪពុកភ្លេចទិញឲ្យកូន លុះធ្វើដំណើរមកផ្ទះស្រាប់តែនឹកឃើញ រួចហើយបើករថយន្តទាំងប្តីប្រពន្ធទៅផ្សារក្រុងបានលុងវិញ ដើម្បីទិញសម្លរចាណាងឲ្យកូនហូប។
លុះពេលត្រឡប់មកពីផ្សារទិញសម្លរចាណាង ឲ្យកូនពៅមកដល់ផ្ទះវិញ ក៍បើកទ្វារផ្ទះមិនឃើញកូនក៏ដើរ ស្រែកហៅរកមើលកូនស្រាប់តែប្រទះឃើញកូននៅបន្ទប់ដេក ត្រូវបានឃាតកចងជើងចងដៃ និងមាត់បង្អួច ដោយខ្សែនិងក្រម៉ាស្លាប់បាត់ទៅហើយ ។ ដោយសង្ស័យថា កូនមិនទាន់ស្លាប់ក៍ហៅអ្នកភូមិឲ្យជួយដឹកកូនមកមន្ទីរពេទ្យបង្អែកខេត្ត តែមកដល់ត្រូវគ្រូពេទ្យប្រាប់ថាកូនបានស្លាប់ហើយ ។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តដឹកនាំសមត្ថកិច្ចជំនាញចុះពិនិត្យដល់កន្លែងកើតហេតុធ្វើការអង្កេតនិងតាមដាននៅរឿងនេះ ហើយតែជាបឋមសមត្ថកិច្ចសន្និដ្ឋានថា ការស្លាប់របស់ក្មេងប្រុសខាងលើជាអំពើឃាតកម្មដោយធ្វើទារុណកម្មជ្រុល ។ សមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេតស្វែងរកជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕