បាត់ដំបង ៖ អាវុធហត្ថក្រុងបាត់ដំបងបញ្ជូនមនុស្សប្រុស្រី ៩ នាក់ថ្នាំញៀនម៉ាទឹកកក ៨ ថង់ស្មើ ទម្ងន់ ១,៩០ ក្រាម និងសម្ភារៈពីបទរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនទៅតុលាការ នាព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធី ។
លោក សំ វិឡុង មេបញ្ជាការរងអាវុធហត្ថក្រុងបាត់ដំបងបានអោយដឹងថា នៅរសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ មានភ្នាក់ងារផ្តល់ព័ត៌មាននៅបន្ទប់លេខ ៨ និងលេខ ៩ និងលេខ១០ នៃផ្ទះសំណាក់បរមី នៅភូមិសង្កាត់វត្តគរ ក្រុងបាត់ដំបង មានមនុស្សមកស្នាក់នៅលក់ចែកចាយនិងជក់ថ្នាំញៀន ។ ក្រោយមកម្លាំងបានចុះស៊ើបអង្កេត តាមដានមនុស្ស ៣ នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ចេញពីបន្ទប់ផ្ទះសំណាក់បរមី ទៅផ្លូវជាតិ ៥៧ អា ផ្លូវវាងក្រុងដល់ចំណុចមុខហាងសុជាតិ លក់គ្រឿងក្លែម ក្នុងភូមិសង្កាត់វត្តគរ បង្ក្រាបឃាត់ខ្លួនឆែកឆេរកឃើញថ្នាំញៀនម៉ាទឹកកក ១ ថង់ហើយយកមកសាកសួរ ។ មនុស្ស ៣ នាក់ ដែលឃាត់យកមកសាកសួរ ៖ ទី១ ឈ្មោះ តាក់ ផ្កាយព្រឹក ភេទប្រុស អាយុ២២ឆ្នាំ ជាមុខសញ្ញាលក់ថ្នាំញៀនមានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ទី២ ឈ្មោះ បូរ វ៉ាន់រិទ្ធ ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ទី ៣ ឈ្មោះនី សូកា ភេទស្រីអាយុ២០ឆ្នាំ លំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ជនសង្ស័យទាំង ៣ នាក់ឆ្លើយសារភាពថា ថ្នាំញៀនដែលពួកគេកាន់ ជារបស់ឈ្មោះហេង ចំរើន ស្នាក់នៅបន្ទប់លេខ១០ ផ្ទះសំណាក់បរមី ប្រើយកអោយអ្នកទិញ ។
លោក សំ វិឡុង បានបញ្ជាក់ថា ក្រោយពីទទួលចម្លើយជនសង្ស័យទាំង ៣ នាក់រូបលោកបានសុំគោលការណ៍លោក ហេង លុយ ព្រះរាជអជ្ញារងអមសាលាដំបូង ខេត្តបាត់ដំបងចុះឆែកឆេរបន្ទប់លេខ ៨ និងលេខ ៩ និងលេខ ១០ នៃ ផ្ទះសំណាក់បរមី ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបាន ៦ នាក់ទៀត ។ ទី១ ឈ្មោះ ហេង ចំរើន ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅភូមិសង្កាត់រតនៈ ក្រុងបាត់ដំបង ពេលសមត្ថកិច្ចចូលឆែកឆេរ ជនសង្ស័យដឹងខ្លួនមុន បានចាក់ថ្នាំញៀន ៦ ថង់ ចូលបង្គន់រលាយអស់ សល់តែថង់ទទេ ដកហូតទូរស័ព្ទបាន ៤ គ្រឿង ។ ទី២ ឈ្មោះ តាម លីហ្សា ភេទស្រីអាយុ២២ឆ្នាំ ស្នាក់បណ្តោះអាសន្នបន្ទប់លេខ ១០ សមត្ថកិច្ចដកហូតបានថ្នាំញៀន ១ ថង់ ទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ទី៣ឈ្មោះ លី ផេង ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់បណ្តោះអាសន្ន បន្ទប់លេខ ៩ សម្ភារៈជក់មួយចំនួនមានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ទី៤ ឈ្មោះ ហោ ម៉ាឡៃ ភេទស្រីអាយុ១៧ឆ្នាំ រស់នៅភូមិសង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ទី៥ ឈ្មោះ ជុំ ម៉ានិត ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅភូមិរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។ ទី ៦ ឈ្មោះ ឌី រ៉ាឌី ភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់បន្ទប់លេខ ៨ ដកហូតបានថ្នាំញៀន ៦ ថង់ លុយខ្មែរ ៨ ម៉ឺនរៀល ម៉ូតូម៉ាកស្គុបពី ១ គ្រឿង និងទូរស័ព្ទដៃចំនួន ៣ គ្រឿង មានទីលំនៅភូមិរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
សមត្ថកិច្ចដកហូតបានថ្នាំញៀន សរុប ៨ ថង់ ម៉ូតូ ២ គ្រឿង ទូរស័ព្ទ ៧ គ្រឿង លុយខ្មែរ៨ម៉ឺនរៀល និងសម្ភារៈជក់មួយចំនួនទៀត ៕