បាត់ដំបង ៖ កម្លាំងនគរបាលខេត្តការិយាល័យប្រឆាំងគ្រឿងញៀនសហការក្រុមបង្ការបង្ក្រាបបានចុះបង្ក្រាបឃាត់ខ្លួនបុរសម្នាក់មុខសញ្ញាចែកចាយដោយខុសច្បាប់ នូវសារធាតុញៀននិងដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន ២ ថង់ ស្មើទម្ងន់ ៨,៨៩ ក្រាម ព្រមទាំងសម្ភារៈមួយចំនួន កាលម៉ោង ២១ យប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៥ តាមដងផ្លូវចំណុចក្រុមទី ២៣ ភូមិទួលឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
លោក ស៊ាន សូណាល់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានអោយដឹងថា បន្ទាប់ពីទទួលព័ត៌មានមុខសញ្ញាចាស់ ចេញចែកចាយថ្នាំញៀន រូបលោកបានសុំគោលការលោក ស ថេត ស្នងការខេត្ត និងលោក នួន សាន ព្រះរាជអជ្ញាខេត្តបាត់ដំបង ដាក់កម្លាំងសហការនគរបាលក្រុមបង្ការបង្ក្រាប ដើម្បីឈានដល់ការចាប់ខ្លួនជនសង្ស័យ ។ បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហេង វីហ្សាកា ហៅ ប៉ោ អាយុ៣៣ឆ្នាំ ភូមិកើតហេតុ ។ វត្ថុតាងដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន ២ ថង់ ស្មើទម្ងន់៨,៨៩ក្រាម និងសម្ភារៈមានកូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន ចំនួន ១ និងថង់សំរាប់ច្រកថ្នាំញៀនចំនួន ៣ និងទូរស័ព្ទដៃចំនួន១គ្រឿង ។
បុរសសង្ស័យឈ្មោះ ហេង វីហ្សាកា ហៅ ប៉ោ បានសារភាពថា ខ្លួនពិតជាទិញថ្នាំញៀនពីគេមកលក់បន្តជាយូរខែមកហើយ ។
លោក ស៊ាន សូណាល់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជាក់ថាបុរសសង្ស័យ និងថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ២ ថង់ស្មើទម្ងន់៨,៨៩ក្រាម ព្រមទាំងសម្ភារៈមួយចំនួន ត្រូវកសាងសំណុំរឿង លក់ចែកចាយ ដោយខុសច្បាប់ នូវសារធាតុញៀនបញ្ជូនទៅតុលាការ នាល្ងាចថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធី ។ ចំណែកឯបក្ខពួកលក់បន្តអោយជនសង្ស័យសមត្ថកិច្ច កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕