បាត់ដំបង ៖ លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសច្រកអន្តរជាតិដូង បានយកប្រាក់ថ្លៃប័ណ្ណបរិផាស ឆ្លងដែនពីពលករ ធ្វើសំរាប់ឆ្លងដែនទៅប្រទេសថៃ ច្រើនលើសលប់ ចាប់ពី ៧ ម៉ឺនរៀលដល់ ១២ ម៉ឺនរៀល ផ្ទុយអនុក្រិតលេខ ១៦៨ របស់រាជរដ្ឋាភិបាល តាមការអោយដឹងពីប្រជាពលករកាលពីដើមខែកក្កដា ឆ្នាំ២០១៤ នៅច្រកអន្តរជាតិដូង ស្ថិតក្នុងភូមិដូងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
លោក សៅ ប៊ុនរិទ្ធ មិនទុកមុខអោយលោក សុខ ផល អគ្គនាយកនគរបាលអន្តោប្រវេស ដែលខំប្រឹងប្រែងចុះជួយការងារ នៅស្រុកបាណន់ ខេត្តបាត់ដំបង រាល់ចុងសប្តាហ៍ អោយប្រជាពលករឆ្លងដែនទៅប្រទេសថៃបំពេញបែបបទតាមច្បាប់ ។
តាមការអោយដឹងប័ ណ្ណបរិផាសឆ្លងដែន សំរាប់ធ្វើអោយប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំប្រទល់ប្រទេសថៃ ដែលមានឈ្មោះ ក្នុងបញ្ជីគ្រួសារច្បាស់លាស់ និងមានតម្លៃតែ៣៥០០០រៀលប៉ុណ្ណោះ តែប៉ូលិសអន្តោប្រវេសច្រកអន្តរជាតិដូង គ្រប់គ្រងដោយលោក សៅ ប៊ុនរិទ្ធ បានយកតម្លៃលើស និងធ្វើប័ណ្ណអោយប្រជាពលរដ្ឋមកពីខេត្តឆ្ងាយ ខ្លះមិនមានអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ត្រឹមត្រូវអាចធ្វើឆ្លងដែនបានដែរ ។
កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៤ ពលករឆ្លងដែនបាននាំគ្នាមកធ្វើប័ណ្ណបរិផាសខ្លះថា ធ្វើប័ណ្ណអស់ប្រាក់ ៧ ម៉ឺនរៀល ខ្លះថាធ្វើប័ណ្ណអស់ប្រាក់ ១០ ម៉ឺនរៀល ខ្លះថា ធ្វើប័ណ្ណអស់ប្រាក់១២ម៉ឺនរៀល ហើយការធ្វើប័ណ្ណនេះ មិនបាច់ចាំរស់នៅខេត្តណាទេ អោយតែមានប្រាក់គឺបានហើយ ។
លោក រម្យនា មន្ត្រីនគរបាលអន្តោប្រវេស បានអោយដឹងថា ពលករធ្វើប័ណ្ណឆ្លងដែន គឺស្របច្បាប់មិនមានលក្ខណៈខុសប្រក្រតីឡើយ ។
ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានទូរស័ព្ទទំនាក់ទំនងលោក សៅ ប៊ុនរិទ្ធ មិនចូលទេ ៕