ខេត្តប៉ៃលិន ៖ កាលពីល្ងាចថ្ងៃទី១៨ ខែមិនាឆ្នាំ ២០១៥ នៅសាលាខេត្តប៉ៃលិន បន្ទាប់ពីលោកទុំ ណូ ប្រធានស្នាក់ការគយ និងរដ្ឋាករសាខាខេត្តប៉ៃលិន ប្រកាសតែងតាំងថ្មី ជំនួសលោក អ៊ុកវណ្ណច័ន្ទ ប្រធានស្នាក់ការគយ និងរដ្ឋាករចូលនិវត្តន៍ ឡើងប្តេជ្ញាចិត្តរួច ។
ឯកឧត្តម ឯម ឃិនវរៈ អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា បានអោយដឹងថា ការប្រមូលពន្ធគយ ឆ្នាំ២០០៨ នៅខេត្តប៉ៃលិន បានត្រឹម១០០លានរៀល ក្នុង១ឆ្នាំ ឆ្នាំបន្តបន្ទាប់បាន២០០លាន ក្នុង១ឆ្នាំ លុះឆ្នាំ២០១៤ ការប្រមូលពន្ធកើនបាន១០០០លាន ក្នុង១ឆ្នាំ ។ ការប្រមូលពន្ធ ជាទូទៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១២ បានចំនួន៩០០លានដុល្លា ហើយឆ្នាំ២០១៣ ការប្រមូលពន្ធកើនបានជាង១ពាន់លានដុល្លា និងនៅឆ្នាំ២០១៤ បន្ទាប់ពីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ការប្រមូលពន្ធបាន១៣០០លានដុល្លា ។ នេះដោយការខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករហើយនៅឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានដាក់ទិសដៅអោយប្រមូលពន្ធបានចំនួន៥២៧១កោដដុល្លា ។ នៅរយៈពេល ២ ខែ ដើមឆ្នាំ២០១៥ ការប្រមូលពន្ធបាន ៤៣៩,២ កោដដុល្លា បើគិតសន្ទទស្សភាគរយឃើញថា ការប្រមូលពន្ធឆ្នាំ ២០១៥ អាចប្រមូលបានច្រើនលើសការកំណត់៦ភាគរយ ។
ឯកឧត្តម ឯម ឃិនវរៈ អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា បានមានបានកោតសសើរលោក អ៊ុក វណ្ណច័ន្ទ ប្រធានស្នាក់ការគយ និងរដ្ឋាករដែលចូលនិវត្តន៍ និងកំពុងព្យាបាលជម្ងឺនៅក្រៅប្រទេស ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ។ ផ្តាំផ្ញើរដល់លោក ទុំ ណូ ប្រធានស្នាក់ការគយ និងរដ្ឋាករសាខាខេត្តប៉ៃលិន ប្រកាសតែងតាំងថ្មី អោយខិតខំជួយប្រមូលពន្ធជូនរដ្ឋបន្ថែមទៀត និងស្ថាប័នពាក់ព័ន្ធជួយសហការគាំទ្រ ដើម្បីអោយការប្រមូលពន្ធជូនរដ្ឋាភិបាលបានសម្រេចជោគជ័យជារាងរហូត ។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានកោតសសើរលោក អ៊ុក វណ្ណច័ន្ទ ប្រធានស្នាក់ការគយ និងរដ្ឋាករដែលចូលនិវត្តន៍ខិតខំបំពេញការងារជូនជាតិមាតុភូមិផងដែរ ។ លោក និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ នឹងសហការគាំទ្រដល់ការប្រមូលពន្ធជូនរដ្ឋអោយបាន១០០ភាគរយ តាមការដាក់ទិសរបស់រាជរដ្ឋាភិបាល ៕