បាត់ដំបង ៖ កាលពី វេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤ នៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងបុរសម្នាក់ឈ្មោះ មាស រុំ អាយុ៤៥ឆ្នាំ ជាមន្ត្រីយោធាក្នុងវរស៊ើបការភូមិភាគ៥ ផឹកស៊ីនៅក្រៅផ្ទះស្រវឹងដាប ពេលប្រពន្ធ ដឹកមកដល់ផ្ទះ បានកាន់កាំភ្លើងខ្លីប្រើប្រាស់ម៉ាក AK59 មានគ្រាប់ នៅក្នុងកាំភ្លើង ៥ គ្រាប់រករឿងដេញវាយប្រពន្ធកូនជំពប់ជើងដួល ផ្ទុះអស់១គ្រាប់ចំទ្រូងធ្លាយខ្នងស្លាប់ ។
ប្រពន្ធសពបានប្រាប់សមត្ថកិច្ចអោយដឹងថា ប្តីរូបនេះស្រវឹងតែងរករឿងវាយប្រពន្ធកូនព្រមទាំងចង់ចាក់សាំងដុតសម្ភារៈផ្សេងៗ ហើយសមត្ថកិច្ចចុះទៅអន្តរាគមន៍ជាញឹកញាប់ ។ លុះនៅមុនថ្ងៃកើតហេតុជននេះ បានទៅផឹកស៊ីនៅខាងក្រៅផ្ទះ រហូតដល់ស្រវឹងដាប ទើបទូរស័ព្ទឲ្យខ្លួនយកម៉ូតូទៅដឹកត្រឡប់មកផ្ទះ ។ ប៉ុន្តែនៅពេលទៅដល់ផ្ទះក៏ចាប់ផ្តើមប្រើអំពើហិង្សា ទៅលើប្រពន្ធកូន រត់ពួនគេចខ្លួនពីការវាយដំរបស់ប្តី ។ មួយសន្ទុះប្រពន្ធនិងកូនក៏លឺសូរកាំភ្លើងផ្ទុះឡើងចំនួន ១ គ្រាប់ ស្រាប់តែពួកខ្លួនចេញមកមើលឃើញប្តីរបស់ខ្លួនដេកស្លាប់នៅក្នុងថ្លុកឈាម ទៅហើយនៅដៃមានកាន់កាំភ្លើងខ្លី ផង ។
លោកឡាចប្រុសនាយការិយាល័យស្រាវជ្រាវបទល្មើសអាវុធហត្ថបានបញ្ជាក់ថា ជនសង្ស័យរត់ជំពប់ជើងដួល រាលកៃកាំភ្លើងផ្ទុះចំទ្រូង ធ្លាយដល់ឆ្អឹងខ្នងស្លាប់ ហើយកាំភ្លើងត្រូវបានសមត្ថកិច្ចយកទុកនៅអង្គភាពស៊ើបការណ៍ ។ ចំណែកសព ប្រគល់អោយសាច់ញាតិរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕