ខេត្តបាត់ដំបង ៖ ឪពុកចុងចាប់រំលោភកូនស្រីអាយុ១៣ឆ្នាំ សម្រេចនៅដីចំការប្រទេសថៃ ខណៈម្តាយទៅធ្វើការងារឆ្ងាយផ្ទះ ជនសង្ស័យគេចខ្លួនមកដីខ្មែរ មានលំនៅដ្ឋានភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ក៏ត្រូវកម្លាំងនគរបាលស្រុកកំរៀងឃាត់ខ្លួនកាលពីម៉ោង១០ព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៥ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមផ្លូវច្បាប់នារសៀលថ្ងៃដដែល។
លោក ស្រី វុឌ្ឍី អធិការរងស្រុកកំរៀងបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះសន ពិសិត អាយុ៣៦ឆ្នាំរបរជាកម្មករនៅប្រទេសថៃ ជាឪពុកចុងក្មេងស្រីរងគ្រោះ មានទីលំនៅភូមិអូរដាលើឃុំបឹងរាំងស្រុកកំរៀង។ រីឯក្មេងរងគ្រោះមាន ឈ្មោះស ពអាយុ១៣ឆ្នាំ ជាកូនចុង។
តាមពាក្យបណ្តឹងស្ត្រី ឈ្មោះ មឿន ម៉ាន អាយុ៣៨ឆ្នាំជាកម្មករ និងជាម្តាយក្មេងស្រីរងគ្រោះ មានទីលំនៅស្រុកកំរៀងខេត្តបាត់ដំបង បានអោយដឹងថាកាលម៉ោង៩ព្រឹកថ្ងៃទី៧ ខែមិនាឆ្នាំ២០១៥ នៅក្នុងចំការស្រុកមៈខាមខេត្តចន្ទបូរីប្រទេសថៃ ពេលខ្លួនចេញទៅធ្វើការងារឆ្ងាយ មិននឹកស្មានឈ្មោះសន ពិសិតជាប្តីចុងលួងលោមកូនស្រីយកទៅចាប់រំលោភសោះ ។ ពេលកូនស្រីរៀបរាប់ប្រាប់ខ្លួនមិនចង់ជឿ ប៉ុន្តែជនសង្ស័យក្រោយពីប្រព្រឹត្តរួចមានសភាពខុសពីធម្មតា បន្ទាប់ពីខ្លួនសួរនាំបានគេចខ្លួនត្រឡប់មកស្រុក ខ្មែរវិញ ទើបនាងខ្ញុំតាមមកស្រុកខ្មែរប្តឹងសមត្ថកិច្ចស្រុកកំរៀងឃាត់ខ្លួនតែម្ដង។
ជនសង្ស័យជាឪពុកចុងបានសារភាពថា ខ្លួនពិតជាបានលួងលោមកូនស្រីចុងយកទៅរំលោភនៅចំការក្នុងទឹកដីថៃប្រាកដមែន ៕