បាត់ដំបង ៖ ហាងលក់គ្រឿងក្លែមតាមមាត់ស្ទឹងជាច្រើនកន្លែង បង្ហូរទឹកស្អុយនិងកាកសំណល់គ្មានអនាម័យចូលស្ទឹងសង្កែ បង្កអោយប៉ះពាល់សុខភាព និងបរិស្ថាន ប្រជាពលរដ្ឋរស់នៅក្រុងបាត់ដំបង។
តាមប្រភពប្រជាពលរដ្ឋ នៅភូមិព្រែកតាតន់សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង កាលរសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៥ បានអោយដឹងថា ហាងលក់ដូរគ្រឿងក្លែមតាមមាត់ស្ទឹងបានចោលកាកសំណល់ សំបកដប កំប៉ុង និងសម្ភារៈផ្សេងទៀត ចូលស្ទឹងដោយគ្មានការទប់ស្កាត់ អនាម័យ និងការរស់នៅរបស់ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះ បានបង្ហូទឺកលាងចាននិងទឹកបង្គន់ហូរចូលស្ទឹង ធ្វើអោយប្រជាពលរដ្ឋរស់ក្បែរហាងទាំងនេះប្រើទឹកមិនស្អាត ។ ងូតទឹកអាចម៌ ផឹករាគ អាចបង្កអោយមានរោគសើស្បែក និងជំងឺរាគរុះជាដើម ។ កត្តាទាំងនេះក៏អាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្រុងបាត់ដំបង ព្រោះទឹករដ្ឋដែលលក់អោយប្រជាពលរដ្ឋបានធ្វើទំនប់ បូមទឹកចូលអាងរួច បានបែងចែងទៅតាមផ្ទះ ។ ដូច្នេះសំណូមពរអោយស្ថាប័ន្តមានសមត្ចកិច្ចពាក់ព័ន្ធជួយពិនិត្យហាងលក់ដូរទាំងនេះឡើងវិញ។
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបានអោយដឹងថា លោករវល់នៅខេត្តក្រចេះ ពេលត្រឡប់មកវិញនឹងនាំកម្លាំងចុះមើល ។
លោក ឈូក សារុន ប្រធានមន្ទីរបរិស្ថានខេត្តបានអោយដឹងថា រូបលោកជាប់រវល់ហើយពាក់ព័ន្ធករណីហាងចោលសំរាម ឬកាកសំណល់ចូលស្ទឹង ត្រូវសួរទៅសាលាក្រុងទើបដឹងច្បាស់ ។
លោក សៀង ឯមវ៉ូនស្ហី អភិបាលក្រុងបាត់ដំបងបានអោយដឹងថា រូបលោកទើបទទួលព័តមានដូច្នេះរូបលោកនិងមន្ទីរពាក់ព័ន្ធនឹងរើសថ្ងៃចុះពិនិត្យមើលទីតាំងទាំងនោះ ។
លោក វឿន ប៊ុនរ៉េត ប្រធានមន្ទិរសុខាភិបាលបានអោយដឹងថា ការបង្ហូរទឹកកខ្វក់កាកសំណល់មិនល្អចូលស្ទឹងសង្កែ វាអាចអោយខូចបរិស្ថានប៉ះពាល់សុខភាពមនុស្សសត្វទូទៅដូច្នេះយើងទាំងអស់គ្នារួមរួបគ្នាការពារបរិស្ថាន និងសុខភាពយើងគ្រប់គ្នា លុបបំបាត់ ឬណែនាំម្ចាស់ហាងទាំងនោះដាក់សំរាមអោយត្រឹមត្រូវ និងបង្ហូរទឹកស្អុយទៅកន្លែងផ្សេង ៕