បាត់ដំបង ៖ កម្លាំងនគរបាលខេត្តមានក្រុមបង្ការ បង្ក្រាប និងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀនឃាត់មនុស្ស៣នាក់និងថ្នាំញៀន៧ថង់រីឯម្ចាស់ផ្ទះរត់គេចខ្លួនបាត់កាលពីម៉ោង១៩និង៣០នាទីល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០១៥ចំណុចយឿត្រីភូមិស្លាកែតសង្កាត់ស្លាកែតក្រុងបាត់ដំបង ។
លោក ស៊ាន សូណាល់ ប្រធាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបានអោយដឹងថាបុរសសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន៣នាក់មានទី១ ឈ្មោះ ម៉េត សាមឿនអាយុ៣៥ឆ្នាំ មានទីលំនៅភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។ ទី២ ឈ្មោះ វង់ ចាន់សារ៉ាវី ហៅ តង អាយុ៣១ឆ្នាំ មានទីលំនៅភូមិតាកុយសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។ ទី៣ឈ្មោះ វឿត សាវឿន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ ទាំង ៣ នាក់ជាអ្នកប្រើប្រាស់ថ្នាំញៀន ។ វត្ថុតាងដកហូតបានមានថ្នាំញៀនម៉ាទឹកកកចំនួន៧ថង់ ស្មើទម្ងន់១៧,២០ក្រាម ដបទឹកសុទ្ធកែច្នៃចំនួន ១ សំរាប់ប្រើប្រាស់ថ្នាំញៀន ដែកកេះ សំរាប់ដុតចំនួន ២ ទុយោបឺតចំនួន ២ ដុំ កូនកន្ត្រៃចំនួន ២ ក្រដាស់អាលុយម៉ូញ៉ូមសំរាប់រុំថ្នាំញៀនជក់ ចំនួន៣ដុំ និងទូរស័ព្ទដៃចំនួន ៣ គ្រឿង ដាវសាម៉ូរ៉ៃចំនួន ២ ។
តាមចម្លើយជនសង្ស័យទាំង ៣ នាក់បានអោយដឹងថា ពួកខ្លួនបានមកផ្ទះឈ្មោះប៊ែរ (បូរសក្តិវណ្ណា) ដើម្បីអង្គុយជក់ថ្នាំញៀន ទើបបានអ្កុយមិនទាន់បានជក់ផង ក៏ត្រូវកម្លាំងនគរបាលមកឃាត់ខ្លួនតែម្តង ។
លោក ស៊ាន សូណាល់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជនសង្ស័យនិងវត្ថុតាង ត្រូវកសាងសំណុំរឿង ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បញ្ជូនទៅតុលាកានារសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៥ ចាត់ការតាមផ្លូវច្បាប់ ៕