បាត់ដំបង ៖ កម្លាំងនគរបាលស្រុកបាណន់ ស្រាវជ្រាវដេញបង្ក្រាបក្រុមចោរ ដែលតែងតែលួចគោប្រជាពលរដ្ឋជាញឹកញាប់ ភ្លាសយកសាច់ទៅលក់ បន្សល់ទុកតែគ្រោងឆ្អឹងតាំងពីម៉ោង១២និង៤៦នាទីយប់ ចំណុចអូរប្រកែកភូមិសំបួរមាស ឃុំស្នឹង រហូតដល់ម៉ោង៣និង៣៥នាទីភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ទើបបង្ក្រាបរថយន្ត១គ្រឿង និងឃាត់ខ្លួនក្រុមចោរ ៣ នាក់ នៅតាមផ្ឡូវដងស្ទឹងឃុំកន្ទី២ស្រុកបាណន់ ។
លោក ថោង ធិន អធិការរងស្រុកបាណន់បានអោយដឹងថា ជនរងគ្រោះម្ចាស់គោ មានឈ្មោះ សាន ស៊ាប អាយុ៣២ឆ្នាំ រស់នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ បានបាត់មេគោផើមចំនួន ២ ក្បាល ។
ម្ចាស់គោបានប្រាប់សមត្ថកិច្ចថា នៅម៉ោង១២និង៤៦យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ មានពេលងើបបត់ជើងតូចមើលទៅក្រោលគោមិនឃើញគោមេផើម របស់ខ្លួនចំនួន ២ ក្បាល រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍ស្នឹងតែម្តង ។
លោក ថោង ធិន អធិការរងនគរបាលបានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានរូបលោក និងកម្លាំងប៉ុស្តិ៍ទាំងអស់ក្នុងស្រុកបាណន់ បានស្រាវជ្រាវស្វែងរកមុខសញ្ញាក្រោយ មករកឃើញសាច់ និងឆ្អឹងនិងក្បាលគោ នៅចំណុចអូរប្រកែកភូមិសំបួរមាស ឃុំស្នឹង រួចស្រាវជ្រាវរកឃើញរថយន្តកាំម៉ារីសេរី១៩៨៩ ពណ៌ទឹកប៊ិចចាស់ ភព ២ង៩៦២៩ នៅតាមផ្ឡូវដងស្ទឹងឃុំកន្ទី ២ ម្ចាស់រថយន្តឈ្មោះ ឈិត ឌីណូ អាយុ៣៥ឆ្នាំ សាកសួរពាក់ព័ន្ធភ្លាសគោ តែមិនសារភាព ។ បន្ទាប់មកសមត្ថកិច្ចបន្លំសម្លេងក៏ទូរស័ព្ទ ហៅបក្ខពួកវាចំណុចជើងភ្នំចាក់អង្កាម បង្ក្រាបម៉ោង៣និង៣៥នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ មកឃាត់ខ្លួនទាំង ៣ នាក់តែម្តងមានទី ១ ឈ្មោះ ឈិត ឌីណូ អាយុ៣៥ឆ្នាំ ម្ចាស់រថយន្តនៅភូមិថ្មីឃុំត្រាងស្រុកកំរៀង ។ ទី២ឈ្មោះ ចាន់ ប៊ុន អាយុ៤៦ឆ្នាំ នៅភូមិត្រាំសេះ ឃុំបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ទី៣ ឈ្មោះ មេត ធី ហៅ ហ៊ាត អាយុ ៤០ ឆ្នាំ នៅភូមិ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្នាក់បណ្តោះអាសន្ននៅក្រុងបាត់ដំបង) ។ ក្រុមជនសង្ស័យទាំង ៣ នាក់និងរថយន្ត១គ្រឿង ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃដដែលចាត់ការតាមផ្លូវច្បាប់ ៕