ស្ទឹងត្រែង+រតនៈគិរី៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបានសហការជាមួយ អាវុធហត្ថខេត្តរតនៈគិរី តាមប្រមាញ់ចាប់ឃាត់ខ្លួនបុរសម្នាក់ជាឃាតករបាញ់សម្លាប់អតីតប្រពន្ធពេលស្តាប់ឭប្រពន្ធនិយាយទូរស័ព្ទដឹងថាមានគូរដណ្តឹងថ្មី នៅផ្សារស្ទឹងត្រែងគេចខ្លួនចូលទឹកដីខេត្តរតនៈគិរី កាលម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ នៅចំណុចចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិវង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនៈគីរី ។
លោក ឧត្តមសេនីយ៍ ត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា កាលពីវេលា ម៉ោង២ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥មានករណីឃាតកម្ម១កើតឡើងលើរូបស្ត្រីម្នាក់ ឈ្មោះរស្មី ស្រីខួច អាយុ២២ឆ្នាំ រងរបួសចំនួន៣ គ្រាប់ បណ្ដាលឱ្យ ស្លាប់មួយរំពេច ពេលនាងដេកលើ អង្រឹងក្នុងតូប លក់ខោអាវផ្សារស្ទឹងត្រែង ។ ស្ត្រីរងគ្រោះមានរបរជាអាជីវករលក់ដូរក្នុងផ្សារស្ទឹងត្រែងមានទីលំនៅក្នុងភូមិត្រពាំងព្រីងសង្កាត់ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង ។ បន្ទាប់ពីកើតហេតុភ្លាមៗ អាជីវករលក់ដូនៅជិតនោះប្រញាប់បានរៀបចំយកជនរងគ្រោះទៅមន្ទីពេទ្យប៉ុន្តែជនរងគ្រោះបានស្លាប់នៅនឹងកន្លែង កើតហេតុបាត់ទៅហើយ ។ រីឯជនបង្កក្រោយកើតហេតុ បានរត់គេចខ្លួនទៅខេត្តរតនៈគីរី។
លោកមេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជាក់ថាក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវសាច់ញាតិសពទើបកំណត់មុខសញ្ញាឃាតករអតីតប្តីឈ្មោះ តូមីសសែល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាបើករថយន្តអោយលោកឧត្តមសេនីយ៍ត្រីស្វាយ សុទ្ធី ត្រូវជាពូរបស់គេ។បន្ទាប់មកសហការជាមួយ កម្លាំងអាវុធហត្ថខេត្តរតនៈគិរីឈានដល់ការឃាត់ខ្លួនជនសង្ស័យ កាលម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ នៅចំណុចចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិវង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនៈគីរី តែម្តង។ សមត្ថកិច្ចបានដកហូតអាវុធកាំភ្លើងខ្លីម៉ាកឡុក(CF)មួយ ដើមលេខ៦៦៣២ និងមានគ្រាប់ចំនួន៧គ្រាប់ និងបង់មួយ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បី សាកសួរបន្ថែមនិងបានបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធី ។
ឃាតក បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនបានលែងគ្នាអស់ ប្រហែលមួយឆ្នាំ ហើយក៏សុំរួមរស់ជាមួយគ្នាវិញ ទោះជាខ្លួនសុំអង្វរ ប្រពន្ធ ជាច្រើនលើច្រើនសារ និងបានឲ្យឪពុកម្ដាយរបស់ខ្លួនចូលទៅសម្រុះសម្រួល នៅតែមិនព្រម ហើយទូរស័ព្ទចេះតែដូរលេខរហូត ទើបខ្លួនអត់ទ្រាំមិនបាន ក៏លួចយកកាំភ្លើងរបស់ពូ ។ ហើយនៅមុនកើតហេតុប្រហែល១០នាទី ខ្លួនបានទូរស័ព្ទទៅម្តាយក្មេកសួររកកូន និងប្រពន្ធរបស់ខ្លួន រួចសម្រេចចិត្តដើរចូលទៅកន្លែងលក់សំលៀកបំពាក់ ខណៈប្រពន្ធកំពុងដេកលើអង្រឹង និយាយទូរស័ព្ទជាមួយគូរដណ្ដឹងដែលគ្រោងនឹងភ្ជាប់ពាក្យ ខ្លួនឮ អត់ទ្រាំមិនបានក៏ដកកាំភ្លើង បាញ់ទៅលើស្ត្រីរងគ្រោះចំនួន៥គ្រាប់ រួចក៏ជិះម៉ូតូឌុបគេចខ្លួនទៅអូរពងមាន់ និងបន្តជិះរថយន្តតាក់ស៊ី ទៅកាន់ខេត្តរតនៈគីរី រំលងបានមួយយប់ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕