បាត់ដំបង៖នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនបុរសសង្ស័យ២នាក់និងថ្នាំញៀនយ៉ាម៉ាចំនួន២ថង់ចំនួន១៤៩គ្រាប់ស្មើទម្ងន់១០,៤៩ក្រាមនិងថ្នាំញៀនម៉ាទឹកកកចំនួន១ថង់ស្មើទម្ងន់២,៨០ក្រាមទៅតុលាការនារសៀលថ្ងៃទី៨ខែមីនាឆ្នាំ២០១៥ចាត់ការតាមនិតិវិធី។
ជនសង្ស័យ ២ នាក់ត្រូវកម្លាំងនគរបាលស្រុកកំរៀងឃាត់ខ្លួនពេលកំពុងឈប់រថយន្តបម្រុងចែកចាយថ្នាំញៀនកាលម៉ោង១១ព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ២០១៥ចំណុចក្រុមទី៣ភូមិតាក្រីឃុំតាក្រីស្រុកកំរៀងខេត្តបាត់ដំបងហើយកសាងបញ្ជូនមកស្នងកាសរដ្ឋាននគរបាលខេត្តបាត់ដំបងនារសៀលថ្ងៃទី៧ខែមីនាឆ្នាំ២០១៥។
លោក សែម ដារ៉ា នាយផ្នែកនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានទី១ ឈ្មោះ ឈិត ហិប ហៅវែងអាយុ៣៧ឆ្នាំ ជាម្ចាស់ថ្នាំជាមុខសញ្ញាចាស់ មានទីលំនៅភូមិអំពិល ៥ ដើមឃុំអំពិល៥ដើម ស្រុកបវេល ខេត្តបាត់ដំបង ។ ទី២ ឈ្មោះ ជលី ហៅវាំង អាយុ៣៣ឆ្នាំ អ្នកជិះជាមួយមានទីលំនៅភូមិសួនស្លាឃុំបវេលស្រុកបវេលខេត្តបាត់ដំបង ។ វត្ថុតាងដកហូតបានមានថ្នាំញៀនយ៉ាម៉ាចំនួន២ថង់ ចំនួន២១៤៩គ្រាប់ ស្មើទម្ងន់១០,៤៩ក្រាមនិងថ្នាំញៀនម៉ាទឹកកកចំនួន១ថង់ស្មើទម្ងន់២,៨០ក្រាមនិងរថយន្ត១គ្រឿងពាក់ស្លាកលេខភ្នំពេញ2F3470។
បុរសសង្ស័យឈ្មោះ ឈិត ហិប ហៅ វែង បានសារភាពថា ថ្នាំញៀនខាងលើខ្លួនពិតជាបាននាំយកទៅលក់ប្រាកដមែន។
បុរសសង្ស័យឈ្មោះ ជលី ហៅ វាំង បានបដិសេធថា ខ្លួនមិនបានដឹងជនឈ្មោះឈិតហិប ហៅវែង លក់ថ្នាំញៀនទេ ខ្លួនគ្រាន់តែសុំរថយន្តគេជិះទៅផ្ទះប៉ុណ្ណោះ។
លោក សែម ដារ៉ា នាយផ្នែកនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបានបញ្ជាក់ថា ទោះជាមានជនសង្ស័យម្នាក់បដិសេធ ក៏សមត្ថកិច្ចបញ្ជូនបុរសសង្ស័យ២នាក់និងថ្នាំញៀនយ៉ាម៉ាចំនួន១៤៩គ្រាប់ ស្មើទម្ងន់១០,៤៩ក្រាម និងថ្នាំញៀនម៉ាទឹកកក ចំនួន១ថង់ស្មើទម្ងន់២,៨០ក្រាម ទៅតុលាកាចាត់ការតាមនិតិវិធីដែរ ៕