បាត់ដំបង ៖ បុរសម្នាក់ចំណោម ២ នាក់វាយសម្លាប់មនុស្សប្លន់យកគ្រឿង អលង្ការនិងម៉ូតូ កាលឆ្នាំ២០១៤ ត្រូវកម្លាំងនគរបាល ខេត្តបាត់ដំបង សហការជាមួយ កម្លាំងនគរបាល ខេត្តក្រចេះ ស្រាវជ្រាវចាប់ខ្លួន តាមដីកា លេខ០៧ ដចខ/២០១៥ ចុះថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៥ ចេញដោយលោក ហេង លុយ ព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលា ដំបូងខេត្តបាត់ដំបង ។ ហេតុការណ៍ចាប់ខ្លួនធ្វើឡើង កាលពី១២និង៣០នាទីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ នៅចំណុចភូមិអូរឬស្សី ឃុំអូរឬស្សី១ ក្រុង.ខេត្តក្រចេះ។
សមត្ថកិច្ចបានរំលឹកថា កាលម៉ោង ២២ យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ បុរស ៣ នាក់ជិះម៉ូតូ ១ គ្រឿងចេញពីផឹកស៊ីសំដៅ ទៅចំការដំឡូង ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោយមកក៏ឃើញសពបុរសម្នាក់ ដេកស្លាប់នៅក្នុងស្រះទឹក រីឯ ២ នាក់នាក់ទៀតបាត់ខ្លួន សមត្ថកិច្ចដឹកនាំដោយលោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌ បានសន្និដ្ឋាន និងកំណត់មុខសញ្ញា តាមឃាត់ខ្លួនក្រុមជនសង្ស័យ ។ ជនរងគ្រោះស្លាប់មានឈ្មោះ លី សុវណ្ណារិទ្ធ អាយុ២៥ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង សម្ភារៈបាត់បង់មានម៉ូតូឌ្រីម ២០១៤ ចំនួន ១ គ្រឿង និងគ្រឿងអល័ង្គការមួយចំនួនផង ។
លោក អូនហ្វៃ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាល ខេត្តបាត់ដំបងបានឲ្យដឹងថាក្រោយមានករណីឃាតកម្មវាយប្លន់សម្លាប់មនុស្សយកសម្ភារៈលោក ហេង លុយ ព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលា ដំបូងខេត្តបាត់ដំបងបានចេញដីកាលេខ០៧ ដចខ/២០១៥ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ តាមចាប់ខ្លួនជនជាប់ចោទ ។ នៅដើមខែមីនា ឆ្នាំ២០១៥ ក្រោយពីទទួលព័ត៌មានពីខេត្តក្រចេះថា មានមុខសញ្ញាចោរប្លន់សម្លាប់មនុស្សលេចមុខ រូបលោកបានសហការជាមួយកម្លាំងនគរបាលខេត្តក្រចេះ ស្រាវជ្រាវចុះ ឃាត់ខ្លួន ជនជាប់ចោទពីបទឃាតកម្មម្នាក់ ឈ្មោះ សន ពៅ ហៅ លន ពៅ ភេទប្រុសអាយុ ២៣ ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង និងយកមកខេត្ត បាត់ដំបងវិញ ព្រោះហេតុនេះ បានកើត ឡើងនៅខេត្តបាត់ដំបង។
ជនជាប់ចោទឈ្មោះ សន ពៅ ហៅ លន ពៅ បានសារភាពថា កាលពីម៉ោង២២យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ពួកខ្លួន ៣ នាក់ជិះម៉ូតូ ១ គ្រឿង ចេញពីផឹកស៊ីសំដៅទៅចំការដំឡូងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងគោលបំណងទិញថ្នាំញៀនប្រើប្រាស់ ។ ពេលកំពុងអង្គុយចាំនោះ ខ្លួននិងមិត្តម្នាក់ទៀតបានយកដុំថ្មវាយក្បាជនរងគ្រោះឈ្មោះ លី សុវណ្ណារិទ្ធ រហូតដល់ស្លាប់ បន្ទាប់មកបានយកសពទៅទំលាក់ក្នុងស្រះទឺក ។ នេះជាផែនការលើកទី ២ វាយសម្លាប់ជនរងគ្រោះបានសម្រេច ក្រោយមក ខ្ញុំយកប្រាក់និងគ្រឿងអលង្គការមួយចំនួន រីឯមិត្តភ័ក្តម្នាក់ទៀត យកប្រាក់មួយចំនួន និងម៉ូតូ១គ្រឿង ហើយបែកផ្លូវគ្នាគេចខ្លួនតែម្តង ។
លោក អូន ហ្វៃ បានបញ្ជាក់ថា ជនសង្ស័យ ជាមុខសញ្ញាម្នាក់ទៀតកំពុងស្រាវជ្រាវតាមឃាត់ខ្លួន ហើយជនជាប់ចោទ ដែលឃាត់ខ្លួនបានត្រូវកសាងសំណុំបញ្ជូន ទៅតុលាការខេត្តនៅរសៀលថ្ងៃទី៤ ខែមីនាឆ្នាំ២០១៥ចាត់ការតាមនិតិវិធី ៕