បាត់ដំបង ៖ ស្ត្រីម្នាក់អាងអំណាចប្តី ជាមន្ត្រីអាវុធហត្ថខេត្ត យកកាំបិតប៉័ងតោកាប់អ្នកលក់បន្លែ ២ នាក់ ប្តីប្រពន្ធអោយរបួសផ្អើលផ្សារអន្លង់វិល រួចស្ត្រីបង្ករត់គេចខ្លួន ចូលទីបញ្ជាការអាវុធហត្ថស្រុកសង្កែ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង ៥ និង ៣០ នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅផ្សារអន្លង់វិល ភូមិ-ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលស្រុកសង្កែបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ខែង ទេន អាយុ ៣២ ឆ្នាំ របួសមុខជាប្តីនិង ឈ្មោះ ហ៊ុន វ៉ាន់ អាយុ២៩ឆ្នាំ របួសដៃស្តាំជាប្រពន្ធ មុខរបលក់បន្លែ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ចំណែកស្ត្រីបង្កមានឈ្មោះ ឈឿប មុន្នី សការណ៍ហៅ ស្រីកា អាយុ ៣៣ ឆ្នាំរប លក់មានងាប់ និងសាច់ជ្រូក មានប្តីជាមន្ត្រីអាវុធហត្ថខេត្តបាត់ដំបង មានទីលំនៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ។
ជនរងគ្រោះ ២ នាក់ប្តីប្រពន្ធបានអោយដឹងថា គ្រាន់តែខ្លួនផ្អាកឈប់ទិញមាន់ ស្ត្រីអ្នកលក់បានទាញកាំបិតប៉័ងតោ ដេញកាប់ខ្លួននិងប្រពន្ធពេញផ្សារតែម្តង ក្រោយពេលខ្លួនត្រឡប់ពីព្យាបាលនៅមន្ទីរពេទ្យ ស្ត្រីជនបង្កបានសុំសងប្រាក់ ១ លានរៀល ដើម្បីបញ្ចប់សំណុំរឿង ។ ចំពោះប្រាក់តិចតួចនេះ ពួកខ្លួនមិនអាចទទួលយកបានទេ ព្រោះមិនគ្រប់ថ្លៃព្យាបាល និងភាពអាម៉ាស់ ដែលគេដេញកាប់ដូចសត្វឡើយ ដូច្នេះសូមអ្នកច្បាប់ជួយរកយុត្តិធម៌ដល់ជនរងគ្រោះទន់ខ្សោយផង ។
ស្ត្រីបង្កបានអោយដឹងនៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ថា ខ្លួនពិតជាបានបង្កអោយអ្នកលក់បន្លែ ២ នាក់ប្តី ប្រពន្ធរងរបួសមែន នេះ ដោយពួកគេនិយាយអោយខ្លួនខឹងសម្លុតខ្លួន ហើយគ្រាន់តែកាន់កាំបិតវៀសត្រូវ បន្តិចបន្តួចប៉ុណ្ណោះ ហើយក៏អោយប្តីទៅសម្រួលជាមួយជនរងគ្រោះ ចំនួន ២ លានរៀលដែរ តែពួកគេមិនសុខចិត្ត ដូច្នេះមានតែដើរតាមបណ្តឹងក្តីពីក្រោយជនរងគ្រោះប៉ុណ្ណោះ។
នគរបាលស្រុកសង្កែបានអោយដឹងថា នៅថ្ងៃកើតហេតុ ដោយជនបង្ករត់ចូលទីបញ្ជាការអាវុធហត្ថស្រុកសង្កែនោះ សមត្ថកិច្ចមិនហ៊ានធ្វើអ្វីទេ ព្រោះគោរពដែនសមត្ថកិច្ចរៀងខ្លួន បានទទួលបណ្តឹងធ្វើរឿងក្រៅឃុំប៉ុណ្ណោះ បច្ចុប្បន្នសំណុំរឿងហឹង្សាមានស្ថានទម្ងន់ បានបញ្ជូនទៅស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបងហើយ ៕