បាត់ដំបង ៖ ក្រោយពីបង្ក្រាបរបស់សមត្ថកិច្ចនគរបាលចុង ឆ្នាំ ២០១៤ លើផ្ទះប្រព័ន្ធអ៊ីនធឺណែត ដែលមានសភាពរញ៉ែរញ៉ៃនោះ នៅដើមឆ្នាំ២០១៥ ផ្ទះប្រព័ន្ធអ៊ីនធឺណែតបានរីដុះដាលកើនឡើងច្រើន ជាងមុនក្នុងនោះ មានប្រព័ន្ធអ៊ីនធឺណែតលក់ល្បែងស៊ីសងចាក់ភ្នាល់បាល់ទាត់ហ្គេមបាញ់ត្រីជាដើម នៅក្រុងបាត់ដំបង ។
ប្រភពប្រជាពលរដ្ឋបានអោយដឹងថា នៅដើមឆ្នាំ២០១៥ ផ្ទះបើកអ៊ីនធឺណែតកើនឡើងជាងឆ្នាំ ២០១៤ ដោយអ៊ិនធឺណែតខ្លះមានហ្គេមសំរាប់សិស្ស ផ្ទះខ្លះចាក់ភ្នាល់បាល់ទាត់ ផ្ទះខ្លះមានហ្គេមបាញ់ត្រី សមត្ថកិច្ចមិនបានបង្ក្រាបឡើយ ។
ម្ចាស់ហ្គេមបាញ់ត្រីមួយកន្លែងបានអោយដឹងថា ល្បែងហ្គេមបាញ់ត្រីគឺលេងសំរាប់ប្តូរយករង្វាន់ទឹកក្រូច តុក្តា នំជាដើម ។ ក្នុងនោះ ហាមសិស្សចូលលេងនិងមនុស្ស មិនគ្រប់អាយុចូលលេងផងដែរ មិនដូចពាក្យ ដែលគេនិយាយលេងដាក់ប្រាក់ចាញ់ឈ្នះប្រាក់រាប់លានរៀលនោះទេ ។
ពាក់ព័ន្ធករណីនេះ លោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌បានអោយដឹងថា ចំពោះផ្ទះបើកអ៊ិនធឺណែត ឃើញមានការកើនជាងមុនមែន ម្យ៉ាងទៀត ក៏មានសិស្សសាលាមួយចំនួនបានគេចសាលារៀន ចូលលេងអ៊ីនធឺណែតទាំងនោះផងដែរ ក្រោយទទួលព័ត៌មាននេះលោកនឹងចុះធ្វើការបង្ក្រាប ដើម្បីអោយសិស្សបានចូលរៀនវិញ ៕
គឹម សុខជា