អាវុធហត្ថក្រុងបាត់ដំបងប្រម៉ាញ់តាមឃាត់ជនសង្ស័យ ៣ នាក់ និងថ្នាំញៀន ១៥៥១ គ្រាប់បញ្ជូនទៅតុលាការ
ខេត្តបាត់ដំបង ៖ អាវុធហត្ថក្រុងបាត់ដំបង កាលម៉ោង ១ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ប្រម៉ាញ់តាមឃាត់ជនសង្ស័យ ៣ នាក់រកស៊ីជួញដូរគ្រឿងញៀន ពីក្រុងបាត់ដំបង ដល់ចំណុចផ្សារដំណាក់ស្តៅ ភូមិស្តៅ ឃុំស្តៅ ស្រុកស្រុករតនៈមណ្ឌល និងដកហូតថ្នាំញៀនយ៉ាម៉ា ១៥៥១ គ្រាប់ និងម៉ូតូសំរាប់ធ្វើសកម្មភាព ចំនួន ២ គ្រឿង រីឯម្ចាស់ថ្នាំញៀនគេចខ្លួនបាត់ ។
បុរសសង្ស័យទាំង៣នាក់និង វត្ថុតាងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធី ។
លោក សំ វីឡុង មេបញ្ជាការងអាវុធហត្ថក្រុងបាត់ដំបង បានអោយដឹងថា បុរសសង្ស័យ ៣ នាក់ដែលឃាត់ខ្លួន មានទី១ ឈ្មោះ ជា ម៉ាប់ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទី២ ឈ្មោះ ញ៉ែម វីរៈ អាយុ៣២ឆ្នាំ រស់នៅភូមិសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ ។ ទី៣ ឈ្មោះម៉ុន វាសនាហៅ ផល្លា អាយុ៣៣ឆ្នាំ រស់នៅភូមិអូរត្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ វត្ថុតាងដែលដកហូតបានមានថ្នាំញៀន ប្រភេទយ៉ាម៉ា ចំនួន១៥៥១គ្រាប់ ទូរស័ព្ទ៣គ្រឿង និងម៉ូតូសំរាប់ធ្វើសកម្មភាពចំនួន ២ គ្រឿង ។
ជនសង្ស័យទាំង ៣ នាក់បានសារភាពថា ពួកខ្លួនទាំង ៣ នាក់ជាអ្នកទិញជាតំណាងម្ចាស់លុយ ចំណែកម្ចាស់ថ្នាំញៀន ពេលដឹងសមត្ថកិច្ចតាម បានបោះចោលថ្នាំនឹងដី រួចរត់គេចខ្លួនបាត់ ។
លោក សំ វីឡុង បានបញ្ជាក់ថា មុនពេលកើតហេតុ ពួកឈ្មួញបានណាត់គ្នា ដោះដូរថ្នាំញៀន និងប្រាក់នៅក្រុងបាត់ដំបង ប៉ុន្តែដោយការខ្វះទំនុកចិត្តគ្នាទៅវិញទៅមក ក៏បានអូសបន្លាយពេលវេលា និងទីកន្លែង រហូតដល់ស្រុករតនៈមណ្ឌល តែម្តង ។ រូបលោកក៏បានសុំគោលការណ៍ លោក ប៉ោ វណ្ណៈ មេបញ្ជាកាអាវុធហត្ថខេត្ត និងលោក នួន សាន ព្រះរាជអជ្ញា ដើម្បីបន្តបេសកម្មឆ្លងស្រុក ស្វែងរកឃាត់ខ្លួនក្រុមជនសង្ស័យ រហូតបានសម្រេចជាផ្លែផ្កាតែម្តង ៕
គឹមសុខជា