បាត់ដំបង ៖ មន្ត្រីសុរិយោដី និងអភិបាលស្រុកកំរៀង រងការរិះគន់ទទួលប្រាក់សំណូកបើកដៃអោយប្រជាពលរដ្ឋបុកគ្រឹះសង់ផ្ទះ លើដីចិញ្ចើមផ្លូវជាតិលេខ៥៧បេ និងមាត់អូរ នៅចំណុចផ្លូវកោងមុខអធិការដ្ឋាន ក្នុងភូមិអូរដាឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។
មតិរិះគន់មួយចំនួនថា មន្ត្រីសុរិយោដីនិងអភិបាលស្រុកកំរៀង ប្រហែលបានទទួលប្រាក់សំណូកពីម្ចាស់ផ្ទះ ដែលរស់នៅលើដីចិញ្ចើមផ្លូវជាតិលេខ ៥៧ បេ និងមាត់អូរ ទើបគ្មាបការទប់ស្កាត់ ចេះតែបិទភ្នែកអោយសាងសង់ផ្ទះថ្ម បន្ត ដែលបង្កអោយមានការកកស្ទះផ្លូវទឹក និងផ្លូវគោក ពិបាកធ្វើចរាចរណ៍ ។
ម្ចាស់ផ្ទះឈ្មោះ ម៉ាន់ ពិសី ភេទស្រីអាយ៣០ឆ្នាំ ជាគ្រូបង្រៀន និងឈ្មោះ អ៊ុង គន់ សុធារ៉ា ភេទស្រី អាយុ៣១ឆ្នាំ ជាគ្រូបង្រៀនបានអោយដឹងថា គាត់រស់នៅទីនេះយូរមកហើយ កាលពីមុនមិនទាន់សង់ផ្លូវជាតិផ្ទះ ពួកគាត់មិនមានការប៉ះពាល់ឡើយ ក្រោយពីសាងសង់ផ្លូវជាតិ ផ្ទះគាត់បែរជាត្រូវចំណីផ្លូវទៅវិញ ។ ផ្ទះដែលកំពង់សាងសង់គឺខាងមន្ត្រីសុរិយោដីនិងអភិបាលស្រុក គាត់បិទភ្នែក អោយសាងសង់ តែទទួលខុសត្រូវដោយខ្លួនឯង ពួកខ្លួនមិនបានសូកប៉ាន់ ដល់មន្ត្រីសុរិយោដី និងអភិបាលស្រុកឡើយ ។
ពាក់ព័ន្ធករណីនេះ លោក សយ សេរី ប្រធានការិយាល័យសុរិយោដី និងសំណង់ស្រុកកំរៀង បានអោយដឹងថា ចំពោះផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលសាងសង់លើដីចិញ្ចើមផ្លូវ រូបលោកមិនបានអនុញ្ញាតអោយសាងសង់ទេ តែពួកគេលួចសាងសង់ មិនតែប៉ុណ្ណោះ ខាងជំនាញបានចេញលិខិតអោយផ្អាកការសាងសង់ និងរាយការណ៍ជូនថ្នាក់លើផងដែរ ។
លោក ជា សុផាត អភិបាលស្រុកកំរៀង បានអោយដឹងថា សំណង់នៅចំណុចខាងលើជាសំណង់ឥតច្បាប់ រូបលោកមិនបានទទួលសំណូកពីម្ចាស់ផ្ទះទាំងនោះឡើយ ពេលប្រជុំកងឯកភាពម្តងៗ រូបលោកក៏បានលើកយកមកនិយាយផងដែរថា ធ្វើអ្វីកុំអោយហួសហេតុពេក បើមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង នរណាទទួលខុសត្រូវ ៕
គឹមសុខជា