បាត់ដំបង ៖ មន្ត្រីច្រកទ្វាអូររំដួលឃុបឃិតគ្នាអោយឈ្មួញនាំជីគីមី ជាច្រើនប្រភេទខុសច្បាប់ ចូលទឹកដីកម្ពុជា ដោយថវិកាទាំងនោះ មិនបានចូលពន្ធរដ្ឋជាផ្លូវការឡើយ ។
តាមការអោយដឹងកាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ចំណុចច្រកទ្វាព្រំដែនគោកកម្ពុជាថៃ ច្រកទ្វាអូររំដួល ភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។
ប្រភពបានអោយដឹងថា ជីគីមីដែលឈ្មួញនាំចូលនៅលើការ៉ុង ដាក់អក្សរថៃក្នុងនោះ ស្គាល់តែប្រភេទជីគីមីអាចម៍មាន់ ឯការ៉ុងជីខ្លះ ដាក់រូបផ្លែអំពិល ស្គាល់មិនអស់ទេ ។ ជាធម្មតា ប្រជាកសិករទិញមកដាក់ដីចំការ ដើម្បីដាំដំណាំអោយបានមើមច្រើន ព្រោះដីខ្លះវាតឹងរឹងក្តាំង ហើយជីខ្លះដាក់សម្លាប់សត្វល្អិតនិងស្មៅ ជីខ្លះដាក់អោយមានផ្លែច្រើន ។ ជីគីមីទាំងនោះ ប្រជាកសិករទិញពីប្រទេសថៃដោយបង់ប្រាក់ជូនមន្ត្រីកាំកុងត្រូល និងមន្ត្រីគយឈជើង នៅច្រកទ្វារខាងលើ ដោយមិនមានប័ណ្ណបង់ពន្ធទេ ។
មន្ត្រីពាក់ព័ន្ធខាងលើបាននិយាយថា ដល់រដូវដាំដុះដោយមេឃធ្លាក់ភ្លៀង ក៏មានការយោគយល់ដល់ប្រជាកសិកររស់នៅជាប់តំបន់ព្រំដែន អោយពួគគាត់ទិញជីគីមី ពីប្រទេសថៃយកទៅប្រើប្រាស់ប្រាកដមែន ។
លោក អៀង ថេន ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទ្វារអូររំដួល ពេលអ្នកសារព័ត៌មានទូរស័ព្ទចូល សុំការបំភ្លឺរូបលោកមិនលើកទូរស័ព្ទ ។
ពាក់ព័ន្ធករណីខាងលើលោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានអោយដឹងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈថា ចំពោះជីគីមីដែលគ្មានអក្សរខ្មែរ ត្រូវបានក្រួងកសិកម្ម និងរុក្ខាប្រម៉ាញ់ និងនេសាទ ហាមឃាត់ហើយនៅចំណុចច្រកទ្វារព្រំដែនខាងលើ រូបលោកធ្លាប់បានចុះបង្ក្រាបម្តងដែរ កាលឆ្នាំ២០១៤ ។ ជីគីមីដែលគ្មានស្លាកសញ្ញាអក្សរខ្មែរ វាអាចប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ព្រោះប្រជាកិសករមិនអាចដឹងរបៀបប្រើប្រាស់របស់វាទេ ។ រូបលោកនឹងដាក់កម្លាំងចុះស្រាវជ្រាវ បង្ក្រាបការនាំចូលនូវជីគីមីខុសច្បាប់ខាងលើនេះ ៕
គឹមសុខជា