ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តព្រះ វិហារ បានធ្វើការឃាត់ខ្លួនអ្នកកាសែតម្នាក់ដោយយោងតាមបណ្តឹងឈ្មួញរកស៊ីបទល្មើសព្រៃឈើ ប្តឹងពាក់ព័ន្ធនឹង ករណីជម្រិតទារប្រាក់ចំនួន៥០ម៉ឺនរៀល ។
លោកវរៈសេនីយ៍ត្រី ខាត់ ហ៊ុន នាយការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋានខេត្ត ព្រះវិហារបានប្រាប់អ្នកកាសែត នៅព្រឹកថ្ងៃទី១១ កុម្ភៈនេះឱ្យដឹងថា ដោយយោងតាមពាក្យ បណ្តឹងរបស់ឈ្មោះ ឈាង ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបាក់ កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានប្តឹងពីឈ្មោះ ទិត្យ ស្រ៊ ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នកសារព័ត៌មាន អាកាប៉េស្នាក់នៅភូមិស្ថាពរ សង្កាត់ប៉ាលបាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ថាបានជម្រិតទារប្រាក់ខ្លួន ចំនួន៥០ម៉ឺនរៀល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ ។
លោក ខាត់ ហ៊ុន បន្តថាក្រោយពីទទួលបានបណ្តឹងពីឈ្មោះ ឈាង ម៉ៅ សមត្ថកិច្ចក៏បានស៊ើបអង្កេតរកឃើញថាឈ្មោះ ទិត្យ ស្រ៊ បានទទួលលុយពីឈ្មោះ ឈាង ម៉ៅ ចំនួន១០០ដុល្លារ និងលុយខ្មែរ ១០ ម៉ឺនរៀល នៅចំណុចភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ បន្ទាប់មកសមត្ថកិច្ចក៏បានកោះហៅឈ្មោះ ទិត្យ ស្រ៊ មកធ្វើការសាកសួរនៅស្នងការដ្ឋានខត្តព្រះវិហារ នឹងឃាត់ខ្លួនតែម្តងរួមទាំងវត្ថុតាងលុយដុល្លារចំនួន១០០ដុល្លារ និងលុយខ្មែរចំនួន១០ម៉ឺនរៀលផងដែរ ។
ឈ្មោះឈាងម៉ៅដែលគេស្គាល់ថាជាឈ្មួញរកស៊ីឈើមានអ្នកកាងនៅពីក្រោយខ្នងនិងជាដើមបណ្តឹងបានឱ្យដឹងថាឈ្មោះ ទិត្យ ស្រ៊ ជាអ្នកកាសែតអាការប៉េបានជម្រិតទារប្រាក់របស់ខ្លួនលើកទី១ចំនួន៥០ម៉ឺនរៀល នៅថ្ងៃទី៧កុម្ភៈនេះ ខណៈដែលខ្លួនបានដឹកឈើចេញពីស្រុកសង្គមថ្មី លើកទី២ បានជម្រិតទារប្រាក់ខ្លួន៥០ម៉ឺនរៀលទៀត បន្ទាប់មកនៅថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះ ឈ្មោះ ទិត្យ ស្រ៊ ក៏បានទូរស័ព្ទទារប្រាក់ចំនួន១លានរៀលទៀត តែខ្លួនសុំត្រឹម៥០ម៉ឺនរៀល ហើយឈ្មោះទិត្យ ស្រ៊ ក៏ព្រមទទួល ។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះដែរ ឈ្មោះ ទិត្យ ស្រ៊ ប្រាប់អ្នកសារព័ត៌មានថា កាលពីដើមខែកុម្ភៈនេះ ខ្លួន នឹងឈ្មោះ ឈឿង ចាន់ ភេទប្រុស ជាអ្នកសារព័ត៌មានទូរទស្សន៍អប្សរាប្រចាំខេត្តព្រះវិហារ បានចុះទៅស្រុកសង្គមថ្មីយកព័ត៌មានបទល្មើសព្រៃឈើ ពេលខ្លួនបានទៅដល់ស្រុកសង្គមថ្មីនៅពេលយប់ ខ្លួនក៏បានជួបនឹងរថយន្តដឹកឈើមួយគ្រឿងម៉ាក កូរ៉េ ចំណុះ៥តោន ដឹកឈើចូលបន្ទាយអាវុធហត្ថស្រុកសង្គមថ្មី ពេលនោះខ្លួន ព្រមទាំងឈ្មោះ ឈឿង ចាន់ ក៏បានចុះទៅមើលឈើ ក្រោយមកខ្លួនក៏ត្រឡប់ឡើងរថយន្តវិញ ក៏ស្រាប់តែមានមនុស្សប្រុសម្នាក់ដើរមកជួបឈ្មោះ ឈឿង ចាន់ និយាយរឿងអ្វីខ្លួនមិនដឹងនោះទេ ក្រោយមកបានប្រហែល២ទៅ៣ថ្ងៃស្រាប់តែឈ្មោះ ឈឿង ចាន់ បានយកប្រាក់មួយចំនួនមកឱ្យ ថាជាលុយសម្រាប់ចាក់ប្រេងសាំង ក្រោយមកឈ្មោះ ឈឿង ចាន់ រួចក៏ដើរចេញទៅ ។
មកដល់ពេលនេះ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបានកសាងសំណុំរឿង បញ្ជូនអ្នកកាសែតខាងលើ ទៅសាលាដំបូងខេត្តព្រះវិហារដើម្បីដាក់ទោសទាន់ ។ ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ខ្លួនជនជាប់ពាក់ព័ន្ធ ដែលជាឈ្មួញឈើឡើយ។បើយោងច្បាប់ប្រឆាំងអំពើពុករលួយអ្នកសូកនិងអ្នកទទួលគឺមានទោសដូចគ្នា យោងច្បាប់ព្រៃឈើមាត្រា៩៨ឈ្មួញឈើលោក ឈាង ម៉ៅ គួរចោទប្រកាន់ពីបទឧក្រិដ្ឋព្រៃឈើ។
ជុំវិញការចោទប្រកាន់នេះដែរ ឈ្មោះ ទិត្យ ស្រ៊ ក៏បានបដិសេធទាំងស្រុងពីការចោទប្រកាន់រ បស់ដើមបណ្តឹងឈ្មោះ ឈាង ម៉ៅ ជាឈ្មួញឈើនោះ ថា ខ្លួនមិនដែលបានទទួលលុយ ពីឈ្មោះ ឈាង ម៉ៅ នោះឡើយ ៕