ខេត្តបន្ទាយមានជ័យ ៖ ប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការនឹងប៉ូលិសក្រុងប៉ោយប៉ែត បានដេញស្ទាក់បង្ក្រាបបទល្មើសគ្រឿងញៀនធំបង្អស់ ក្នុងឆ្នាំ២០១៤នេះ ។
ប្រតិបត្តិការ បង្ក្រាបគ្រឿងញៀនតម្លៃប្រមាណ ១០ ម៉ឺនដុល្លារនោះ ប៉ូលិសបានឃាត់មេខ្លោង ៣នាក់ អ្នកសេព ៣៥ នាក់ រឹបអូសដល់ថ្នាំញៀនកេតាមីន ៥០០ ដប ថ្នាំគ្រាបប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការនឹងប៉ូលិសក្រុងប៉ោយប៉ែត បានដេញស្ទាក់បង្ក្រាបបទល្មើសគ្រឿងញៀនធំបង្អស់ ក្នុងឆ្នាំ២០១៤នេះ។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន តម្លៃប្រមាណ ១០ ម៉ឺនដុល្លារនោះ ប៉ូលិសបានឃាត់មេខ្លោង ៣នាក់ អ្នកសេព ៣៥ នាក់ រឹបអូសដល់ថ្នាំញៀនកេតាមីន ៥០០ ដប ថ្នាំគ្រាប់មេតំហ្វេតាមីន ១២.០០០ គ្រាប់។
លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននិយាយថា “ដោយក្តាប់បានការផ្តល់ព័ត៌មាន និងមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំនេះ ពីភ្នំពេញ កាត់ខេត្តបាត់ដំបង មកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខ្ញុំបានបញ្ជូននគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ សហការនឹងប៉ូលិស ក្រុងប៉ោយប៉ែត ស្ទាក់បង្ក្រាបបានដោយជោគជ័យ នៅមុខអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីម៉ោង ៥ ល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤ នូវមុខសញ្ញាចាស់ទាំងនេះ”។
លោក ផិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត អោយដឹងថា ដំបូងនគរបាលការិយាល័យជំនាញ សហការនឹងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន មេខ្លោងជួញដូរគ្រឿងញៀន ឈ្មោះ ហួ អៀង ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅស្រុកស្អាង ខេ្តតកណ្ដាល តែបានមកស្នាក់នៅភ្នំពេញ ដែលបានជួញដូរគ្រឿងញៀនសន្ធឹកសន្ធាប់ពីភ្នំពេញមកក្រុងប៉ោយប៉ែត។
លោកស្នងការ បន្តថា ប៉ូលិសបានឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀន (អ្នកទទួលទិញ) នៅក្រុងប៉ោយប៉ែត គឺទី១ ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត និងទី២ ឈ្មោះ សន ស្រីម៉ុន ភេទស្រី អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិជាមួយ។
ការឃាត់ខ្លួនមេខ្លោងដំបូង គឺពេលគេជិះរថយន្ដឈ្នួលតាក់ស៊ី មួយគ្រឿង ម៉ាកតូយ៉ូតាឆ្លាម ស្លាកលេខ បន្ទាយមានជ័យ 2A-3852។
លោកបន្ដថា វត្ថុតាងរាប់សិបថង់ គឺ១ថង់ ២០០ គ្រាប់ ត្រូវបានរឹបអូស មានគ្រាប់ថ្នាំញៀនមេតំហ្វេតាមីន ១២០០០ គ្រាប់ និងថ្នាំញៀនកាត់មីន ២០ ប្រអប់ ស្មើនឹង ៥០០ ដប និងម៉ាទឹកកក ៥០៩,៥ ក្រាម។
លោកបន្ដថា នេះជាការបង្ក្រាបថ្នាំញៀនទ្រង់ទ្រាយធំបង្អស់ដំបូង នៅក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ។ ថ្នាំញៀននេះ ត្រូវបាននាំចូលពីខាងក្រៅខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតអោយដឹងថា បន្ទាប់ពីបានការកំណត់មុខសញ្ញា និងរឹបអូសវត្ថុតាងគ្រឿងញៀនដ៏ធំនេះ រកបានតែប្រព័ន្ធលេខទូរស្ទ័ព និងស្រាវជ្រាវទៅឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន ដោយបំពាន ចំនួន ៣៥ នាក់ ជាបន្ដបន្ទាប់ នៅថ្ងៃទី២ និងថ្ងៃទី៣កក្កដា។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានទៅត្រួតពិនិត្យលទ្ធផលនៃការបង្ក្រាបគ្រឿងញៀន និងឃាត់ខ្លួនបានជនល្មើសទ្រង់ទ្រាយធំបង្អស់ នៅខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០១៤នេះ បន្ទាប់ពីមានការបង្រាបតូចបន្ដិច ដោយប៉េអឹម កាលពីខែមុន។
លោកអភិបាល បាននិយាយចំពោះមុខពលរដ្ឋរាប់រយនាក់ នៅស្រុកមង្គលបូរី នាពេលបន្ទាប់ថា គ្រឿងញៀនទាំងនេះ បើតាមជនល្មើសបង្ហើបឲ្យដឹងថា បើចាប់មិនបានទេ គេលក់បានលុយជាង ១០ ម៉ឺនដុល្លារ។ ប៉ុន្តែបើចាប់មិនបានថ្នាំញៀនទាំងនេះទេ នោះសង្គមនឹងជួបគ្រោះមហន្តរាយធំណាស់។
គួររំលឹកថា ឆមាសទី១ ឆ្នាំ២០១៤នេះ ប្រើជំនាញ បានសហការបង្ក្រាបគ្រឿងញៀនបាន ៣៦ ករណី ឃាត់ខ្លួនបានជនសង្ស័យ ៤៣នាក់ ស្ត្រី ១៦ នាក់ និងរឹបអូសថ្នាំញៀនគ្រាប់ ១០៩៨ គ្រាប់ ម៉ាទឹកកក ៥៣ ថង់។ ការបង្ក្រាបគ្រឿងញៀនេះ គឺបានច្រើនជាងឆ្នាំមុន៕