បាត់ដំបង ៖ យុវជនសង្ស័យ២នាក់ជាកម្មករត្រូវកម្លាំងអាវុធហត្ថ នៃមន្ទីរស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ ខេត្ដបាត់ដំបង កសាងសំណុំរឿងបញ្ជូន ទៅតុលាកាr នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានយកញញួរ និងកាំបិតធ្វើសកម្មភាពវាយ និងអារកសម្លាប់មិត្តភ័ក្តម្នាក់ទៀតនៅប្រទេសថៃ ពេលកំពុងដេកលក់ ដោយរឿងគុំនំហូបបាយអស់មិនទុកអោយពួកខ្លួន ។
ហេតុការណ៍វាយ សម្លាប់ម៉ោង២រំលងអធ្រាតយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រង់ចំណុចហាងបាយយីហោរាន្តសុផានយ៉ាវ ស្ថិតនៅក្រុមទី៣ ភូមិ ឃុំណាក្លឿ ស្រុកបាំងឡាក់មុង ខេត្តឈុនបូរី ប្រទេសថៃ ។
ជនសង្ស័យម្នាក់ត្រូវអាវុធហត្ថស្រុកសំពៅ លូន ឃាត់ខ្លួនបានពេលឆ្លងដែនពីប្រទេសថៃ មកទឹកដីកម្ពុជាកាលពីព្រឹកទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយជនសង្ស័យម្នាក់ទៀតជិះរថយន្តឈ្នួលគេចខ្លួនទៅក្រុងបាត់ដំបងត្រូវ អាវុធហត្ថស្រុកថ្មគោលឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ ៥ ចំណុចស្ពានកណ្តោល ឃុំអូរតាគី ស្រុកថ្មគោល ។
លោក សូឌី អនុប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌បានឱ្យដឹងថា បន្ទាប់បានទទួលព័ត៌មាន ពីភាគីប្រទេសថៃ មានអំពើឃាតកម្មខាងលើនេះ សមត្ថកិច្ចអាវុធហត្ថបាត់ដំបង បានដាក់កម្លាំងកំណត់មុខសញ្ញាតាមស្រុកជាប់ព្រំដែន ដើម្បីចាប់ខ្លួនជនសង្ស័យ រហូតបានសម្រេចជាផ្លែផ្កា ។
យុវជន សង្ស័យទាំង ២ នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១ ឈ្មោះទន់ ព្រេន អាយុ២៥ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកើតហេតុប្រទេសថៃ មានទីលំនៅភូមិគោកព្រិច ឃុំគោក ព្រិច ស្រុកគីរីវង្ស ខេត្ដតាកែវ ។ ជនសង្ស័យ ទី២ ឈ្មោះ អឹម ប៉ាវ អាយុ ២០ ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកើតហេតុប្រទេសថៃ មានទីលំនៅភូមិស្លែង ឃុំគោក ព្រិច ស្រុកគីរីវង្ស ខេត្ដតាកែវ ។ ចំណែកជនរងគ្រោះ ស្លាប់មានឈ្មោះ ស្រូយ ណូយដន អាយុ ៣១ ឆ្នាំ មុខរបរជាកម្មករ នៅបណ្តោះអាសន្ន ក្នុងភូមិកើតហេតុប្រទេសថៃ ស្នាក់រស់នៅភូមិស្លែង ឃុំគោក ព្រិច ស្រុកគិរីវង្ស ខេត្ដតាកែវ ។
ជនសង្ស័យទាំង ២ នាក់បានសារភាពថា កាលពីថ្ងទី១៤ ខែមករា ឆ្នាំ២០១៤ ពួកខ្លួនបានត្រឡប់មកពីធ្វើការងារវិញ រកបាយហូប ពេលនោះជនរងគ្រោះឈ្មោះ ស្រូយ ណូយដន បានប្រាប់ថាវាហូបបាយអស់ រួចក៏កើតទំនាស់ពាក្យសម្តី ពេលនោះយើងទាំង២នាក់បានខឹងហើយគុំទុកក្នុងចិត្ត ។ លុះម៉ោង២រំលងអធ្រាតយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ ឃើញឱកាសល្អពេលជនរងគ្រោះដេកក្នុងតង់កៅស៊ូ ក្បែរហាងបាយយីហោរាន្តសុផានយ៉ាវ ពួកខ្លួនបានយកញញួរវាយក្បាល និងកាំបិតចិតបន្លែ អារក ជនរងគ្រោះ បណ្ដាលឱ្យដាច់បំពង់ករហូតដល់ស្លាប់នៅ នឹងកន្លែងកើតហេតុ ហើយទំលាក់វត្ថុតាងចោលក្បែរកន្លែងកើតហេតុចោលរត់គេចខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវ បានកសាងសំណុំរឿងពីបទឃាតកម្មគិតទុកជាមុនបញចូនទៅកាន់ តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕