រតនគិរីៈ សមត្ថកិច្ចចម្រុះរួមមានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រសួង កម្លាំងអាវុធហត្ថក្រុងបានលុង និងមន្ត្រីរដ្ឋបាលព្រៃឈើ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះបានចុះបង្ក្រាបរោងសិប្បកម្មមួយកន្លែងស្ថិតក្នុងភូមិ ១ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ប្រតិបត្តិការចុះបង្ក្រាបរោងសិប្បកម្មនេះដែរដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តរតនគិរី។
សាក្សីដែលមានលំនៅដ្ឋានក្បែររោងសិប្បកម្មនេះប្រាប់ឲ្យដឹងថា កន្លែងបើកធ្វើអាជីវកម្មនេះមានរយៈពេលប្រមាណជិតមួយឆ្នាំមកហើយ ដោយទទួលស៊ីឈ្នួលកែច្នៃឈើធ្វើគ្រឿងសង្ហារឹមនិងថូផ្កា ដែល ភាគច្រើនជាឈើរបស់មន្ត្រីថ្នាក់ធំៗក្នុងខេត្តរតនគិរី ហើយម្ចាស់រោងសិប្បកម្មនេះមានឈ្មោះចាន់ ណេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ។
បើតាមសមត្ថកិច្ចដែលចុះប្រតិបត្តិការប្រាប់ឲ្យដឹងថា រោងសិប្បកម្មនេះបើកធ្វើអាជីវកម្មជាលក្ខណៈ ទ្រង់ទ្រាយធំដូចជាដំឡើងម៉ាស៊ីនតាប ម៉ាស៊ីឈូស ម៉ាស៊ីជ្រៀក (គ្មានច្បាប់អនុញ្ញាតិពីរដ្ឋបាលព្រៃឈើ)។ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចចម្រុះ រឹបអូសឧបករកែច្នៃឈើ និងឈើប្រភេទ ត្រសេក ច្រេះ ខ្វាវ សុក្រំ ធ្នង់ជាដើម ដែលមានមុខកាត់ធំៗ ដឹកជញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ចែងតាមច្បាប់។ ជាមួយគ្នានេះដែរពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែររោងសិប្បកម្មខាងលើ បានធ្វើការរិះគន់ចំពោះសមត្ថកិច្ចមួយចំនួនចាប់តាំងពីថ្នាក់ខេត្ត រហូតដល់ក្រសួង ថាបានយកលុយប្រចាំខែប្រចាំឆ្នាំ ជាថ្នូរបើករោងសិប្បកម្មខាងលើនេះ តែបែរជាមកបង្ក្រាបទៅវិញ ហើយក៏មានសិប្បកម្មធំៗមួយចំនួនដែលសមត្ថកិច្ចមិនចុះចាប់នោះ មានដូចជាសិប្បកម្មជាច្រើនដែលជនជាតិវៀតណាមជាអ្នកគ្រប់គ្រង ហើយក្រុមជំនាញទាំងនោះមិនដែលចុះបង្ក្រាបឡើយនៅខេត្តរតនគិរីនេះ។ គួរបញ្ជាក់ផងដែរថាសង្ហារឹមដែលលក់តាមផ្ទះនៅក្នុងខេត្តក៏មានរោង សិប្បកម្មនៅពីក្រោយធំៗផងដែរ សូមមន្ត្រីជំនាញមើលផង។
ទាក់ទិនទៅនិងការចោទប្រកាន់ពីសំណាក់ពីប្រជាពលរដ្ឋថាសមត្ថកិច្ច ទារលុយប្រចាំខែប្រចាំឆ្នាំទាំងនេះ មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចក្នុងខេត្តណាមួយបានទេនៅព្រឹកនេះ ហើយសមត្ថកិច្ចទាំងនោះពេលចុះចាប់ឈើ ឫចុះចាប់សិប្បកម្មកែច្នៃផ្សេងៗក្នុងខេត្តម្តងមន្ត្រីទាំងនោះមិន ដែលទំនាក់ទំនងមកអ្នកការសែត និងទូរទស្សន៍ទេ ហើយពេលអ្នកសារពត៌មានដឹងហាក់បីដូចជាមិនចង់អោយថត ឫធ្វើការផ្សព្វផ្សាយឡើយ៕