ខេត្តក្រចេះ ៖ រថយន្តដឹកឈើ ម៉ាក COLORADO មួយគ្រឿង ពាក់ស្លាកលេខ ខ.ម 2-1093 ត្រូវបានមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ សហការជាមួយ កម្លាំងគណបញ្ជាការឯកភាព ស្រុកព្រែកប្រសព្វ បានបង្ក្រាប កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចពាន ឃាត់ខ្លួនមេឈ្មួញ រកស៊ីដឹកជញ្ជូនឈើ ដុះស្លែមានខ្នងក្រាស់ ម្នាក់ដែលឭថា ជាសាច់ឈាមមន្ត្រីអ្នកអន្ទ្រើសថែមទៀតផងឈ្មោះ ម៉េង ធី ។
គួរបញ្ជាក់ថា ឈ្មោះ ម៉េង ធី ត្រូវបានគេដឹងថា ជាសាច់ញាតិ របស់អ្នកធំក្នុងខេត្តម្នាក់ ដូច្នេះហើយទើបឈ្មោះ ម៉េង ធី ហ៊ានប្រើប្រាស់ រថយន្តរបស់ខ្លួន ពាក់ស្លាកលេខ ខេមរភូមិន្ទ ទៅរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ដោយមិនមានសមត្ថកិច្ចណា ហ៊ានបង្ក្រាបឡើយ។ ក្រោយពេលឃាត់ខ្លួន មេឈ្មួញ ឈ្មោះ ម៉េង ធី ត្រូវបានបញ្ជូនទៅកាន់ ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ ដោយឡែករថយន្ត និងឈើប្រណិត ប្រភេទធ្នង់ ជាង ១ម៉ែត្រគូប ត្រូវបានរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ ដើម្បីរង់ចាំ សុំយោបល់សម្រេច ពីថ្នាក់លើ ។
ក្រុមមន្ត្រីបានបញ្ជាក់ថា កម្លាំងចម្រុះបានចុះធ្វើការ ស្ទាក់ចាប់រថយន្តដឹកឈើ ល្មើសច្បាប់ខាងលើ ខណៈក្រុមឈ្មួញ ដឹកតាមផ្លូវលំមួយខ្សែ តាមបណ្តោយមាត់ទន្លេ ចេញពីតំបន់ព្រៃឡង់ និង តំបន់មួយចំនួនទៀត ក្បែរក្រុមហ៊ុនកូរ៉េ ដើម្បីធ្វើការនាំចេញ ទៅលក់នៅប្រទេស វៀតណាម តាមច្រករបៀងមួយចំនួន ក្នុងស្រុកមេមត់ និងឃាត់អ្នកបើកបរ ជាឈ្មួញរកស៊ីឈើ ម្នាក់ផងដែរ ៕