បាត់ដំបង ៖ គ្រួសាររស់នៅលើផ្ទះ៣២ឆ្នាំ តាំងពីមិនទាន់មាន កូនរហូតដល់មានកូនចៅប្រុសស្រីចាញ់ក្តីអ្នកមិនដែលធ្លាប់រស់មួយថ្ងៃណានៅផ្ទះលេខ ៥៤ E0ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយអយុត្តិធម៌ សូមសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ ។
តាមការអោយដឹងរបស់លោក ព្រហ្ម ចំរើន អាយុ៦០ឆ្នាំ ជាមន្ត្រីយោធាកងពលតូចថ្មើជើងលេខ៥៣ ជាម្ចាស់ផ្ទះលេខ៥៤E0 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានប្រាប់អ្នកយកព័ត៌មាន កាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ថា រូបលោកនិងប្រពន្ធបានចូលមកនៅលើផ្ទះកើតហេតុ (បច្ចុប្បន្នផ្ទះលេខ៥៧៧ E0) ផ្នែកខាងមុខមានទំហំ៤,៦គុណនិង១៦ម៉ែត្រ និងផ្នែកខាងក្រោយទំហំ៤,៦គុណនិង៨ម៉ែត្រ តាំងពីឆ្នាំ១៩៨៣ តាមរយៈការទិញពីឈ្មោះភូវ៉ាន់ ។ លុះដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៣ ឈ្មោះ ពៅ សុត អាយុ៦២ឆ្នាំរស់នៅក្រុមទី៤ ភូមិអង់សង្កាតអូចារ ក្រុងបាត់ដំបង បានដាក់បណ្តឹងទាមទាផ្ទះលេខ៥៤E0 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ពីរូបខ្ញុំធ្វើជាកម្មសិទ្ធ ដោយអះអាងគណៈបញ្ជាការយោធាបច្ចេកទេសភស្តុភាខេត្តបាត់ដំបង សម្រេចប្រគល់ផ្ទះ១ល្វែងលេខ ៥៤E0នេះ អោយទៅគាត់ (ឈ្មោះពៅសុត) ព្រោះគាត់មិនបានទទួលដីបែងចែង១ឡូតិណាទេ ក្នុង៤៥ឡូតិ៍ ដែលគណៈបញ្ជាការយោធាបច្ចេកទេសភស្តុភាខេត្ត ។
លោក ព្រហ្ម ចំរើន បានបញ្ជាក់ថា ក្រោយពីប្តឹងគ្នាចាញ់ឈ្នះច្រើនដងមកហើយ រហូតមានកូនចៅ ចំណែកប្រពន្ធខ្លួនឈ្មោះ គឹម បូរ៉ា ជាអ្នករត់ការតវ៉ាក្តី ក៏បានដាច់សសៃប្រសាទឈឺរហូតដល់ស្លាប់ ។ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៨ លេខាគាត់ត្រាអង្គប្រជុំគណៈបញ្ជាការយោធាបច្ចេកទេសភស្តុភាខេត្តបាត់ដំបង (ឈ្មោះ ស៊ុយ ជុក) បានបញ្ជាក់ថា ឯកសារថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៩៧ ថាផ្ទះល្វែងលេខ៥៤E0ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ប្តូរជាមួយដីឡូតិ៍១កន្លែងអោយទៅឈ្មោះ ពៅ សុត នោះ គឺជាការសសេរបន្ថែមក្លែងបន្លំរបស់លោក ពៅ សុត ប៉ុណ្ណោះ មិនមែនជាស្មារតីក្នុងអង្គប្រជុំឡើយ ។
ដោយខ្ញុំបាទ ព្រហ្ម ចំរើន គោរពច្បាប់ និងយល់ពីសតិអារម្មណ៍របស់ថ្នាក់ដឹកនាំ មិនចូលរួមធ្វើបាតុកម្មទំនាស់ដីធ្លីនានា បានដាក់ពាក្យសុំអន្តរាគមន៍នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ អោយជួរកយុត្តិធម៌តាមផ្លូវច្បាប់ ប៉ុន្តែត្រូវតុលាការខេត្តបាត់ដំបងចេញដីកាបង្គាប់លេខ៣៤១អយ អោយអនុវត្តន៍ដោយស្ម័គ្រចិត្ត ដោយលោក ហឹង ប៊ុនថន តំណាងអយ្យការសាលាដំបូងខេត្តបាត់ដំបង បង្គាប់អោយឈ្មោះ ព្រហ្ម ចំរើន រុះរើឥវ៉ាន់ចេញពីផ្ទះលេខ ៥៤E0 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មុនថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ជាកំហិត តាមអំណាចសាលដីការដ្ឋប្បវេណីលេខ៧៩”ឈ” ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ របស់តុលាកាកំពូល ។
សូមសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ផ្ទះ ១ ល្វែងលេខ៥៤E0 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលក្រុមគ្រួសារខ្ញុំបាទរស់នៅជាង ៣០ ឆ្នាំ លើសពីពាក្យសម្តីសម្តេចមានប្រសាសន៍ថា អ្នករស់នៅទីណាក៏ដោយលើសពី ៥ ឆ្នាំអាចជាម្ចាស់កម្មសិទ្ធិ ។ ខ្ញុំបាទនិងកូនចៅសូមលើកដៃបួងសួងនិងសង្ឃឹមថា សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជួយរកយុត្តិធម៌ត្រឹមត្រូវ ចំពោះអ្នកទន់ខ្សោយ និងរក្សាភាពយុត្តិធម៌ជូនរាស្ត្រស្លូតត្រង់គ្រប់រូប ៕
កែវនាង