លោក ជា សត្រា ចាងហ្វាងកាសែត“ខ្មែរថ្មី”ដែលឥឡូវនេះលោកមានអាយុជិត ៨០ឆ្នាំ ទៅហើយនោះ បានធ្វើការអំពាវនាវយ៉ាងទទូចទៅដល់សប្បុរសជនទាំងអស់ ពិសេសគឺមិត្តភក្តិជាអ្នកកាសែតជំនាន់ មុននិងជំនាន់ ក្រោយ ដើម្បីជួយឧបត្ថម្ភដល់រូបលោកដែលកំពុងរស់នៅយ៉ាងកណ្តោចកណ្តែងបំផុត តែម្នាក់ឯង ។
ថ្លែងប្រាប់គេហទំព័រ“ខ្មែរម្ចាស់ស្រុក”មុន នេះបន្តិចលោក ជា សត្រា បានបញ្ជាក់ថា “ខ្ញុំកំពុងតែ តែលតោល ខ្លាំងណាស់ ក្នុងតំណាក់កាលជីវិតចុងក្រោយនេះ” ។
លោកមានប្រសាសន៍ទាំង ទឹកមុខស្ងួតស្ងប់ទៀតថា “ពេលនេះខ្ញុំគ្មានប្រពន្ធ គ្មានកូន គ្មានទីលំនៅ និងខ្វះខាតសព្វបែបយ៉ាង សូម្បីតែមានជំងឺក៏គ្មានថវិកាសម្រាប់ទិញថ្នាំសង្កូវដែរ” ។
លោក ជា សត្រា បានបន្តថា “សព្វថ្ងៃនេះ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីត្រដររស់តាមរបៀបឯកោប៉ុណ្ណោះ ព្រោះខ្ញុំមិនដឹងជាទីពឹងអ្នកណាឡើយ…មានតែសង្ឃឹម លើសប្បុរសជន និងមិត្តភក្តិអ្នកកាសែតជំនាន់មុន និងជំនាន់ក្រោយៗនេះតែម្តង សម្រាប់ឆាកជីវិតចុងក្រោយ” ។
ចាងហ្វាងកាសែត “ខ្មែរថ្មី”ដ៏គួរឱ្យអាណិតរូបនេះ បានលើកដៃសំពះអំពាវនាវយ៉ាងទទូចទៅដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសុំក្តីមេត្តាជួយរូបលោកដែលមានវ័យចាស់ជរា ឱ្យចាកផុតពីភាពទុរគតផង ។ សូមបញ្ជាក់ថា លោក ជា សត្រា គឺជាអ្នកកាសែតជើងចាស់មួយរូបតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ។
ក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ លោក ជា សត្រា បានបង្កើតកាសែតមួយឈ្មោះ “អ្នកនាំសារថ្មី”ព្រមទាំង ជួយបណ្តុះបណ្តាលអ្នកកាសែតថ្មីៗជាច្រើននាក់ថែមទៀត ។ ប៉ុន្មានឆ្នាំមុននេះ លោក ជា សត្រា បានប្តូរឈ្មោះ កាសែតពី “អ្នកនាំសារថ្មី”មកជា“ខ្មែរថ្មី”វិញ ។
លោក ជា សត្រា បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ព័ត៌មាននេះ នឹងបានជ្រាបទៅដល់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយឯកឧត្តម ពិតជាជួយខ្ញុំមិនខាន ព្រោះខ្ញុំទ័លច្រកហើយ”។
ប្រសិនបើសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចាប់អារម្មណ៍និងមានបំណងជួយរំលែកទុក្ខវេទនារបស់ លោក ជា សត្រា នោះ សូមទំនាក់ទំនងតាមទូរស័ព្ទលោកផ្ទាល់ ដែលមានលេខ ០១៧ ៥៩៧ ៨៧៧ ឬទំនាក់ទំនង មកកាន់ទូរស័ព្ទគេហទំព័រ“ខ្មែរម្ចាស់ស្រុក”លេខ ០១១ ៨៨០ ៥៩៣ ៕