ប្រភពព័ត៌មានពីអ្នកញៀនល្បែងបានចូលលេងល្បែងក្នុងកាស៊ីណូ កំពង់សោមស៊ីធីម្នាក់បាននិយាយបង្ហើបឱ្យដឹងថា ក្នុងកាស៊ីណូនោះមានល្បែងជល់ មាន់ ល្បែងយូគី ល្បែងអាប៉ោង បៀរ នៅក្នុងបរិវេណកាស៊ីណូផ្នែកខាងក្រោយ ដោយអះអាងថា មានច្បាប់ត្រឹមត្រូវ ដែលជាច្បាប់កាស៊ីណូ ។
ប្រភពព័ត៌មានបន្ថែមទៀតថា មានប្រជាពលរដ្ឋខ្មែររាប់រយនាក់ បាននឹងកំពុងសម្រុកចូលទៅលេងល្បែងស៊ីសង ក្នុងកាស៊ីណូកំពង់សោម ស៊ីធី យ៉ាងអនាធិបតេយ្យបំផុត ។ ដូចជាមានការប្រឆាំងនឹងវិធានការរបស់អគ្គស្នងការ នគរបាលជាតិនិង រាជរដ្ឋាភិបាលកម្ពុជាដែលអគ្គស្នងការនគរបាលជាតិបានប្រកាសជាសាធារណៈ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៤ស្តីពី ការដកហូតអាជ្ញាប័ណ្ណឡើងវិញចំពោះ កាស៊ីណូណាដែលអនុញ្ញាតឱ្យពលរដ្ឋខ្មែរ ចូលលេង។
ដោយឡែក កាស៊ីណូកំពង់ សោមស៊ីធី មិនបានកាត់បន្ថយការអនុញ្ញាតមិនឱ្យពលរដ្ឋខ្មែរចូលលេងល្បែង នោះទេ ពួកគេបានបន្ថែមល្បែងស៊ីសង ម្យ៉ាងដែលពលរដ្ឋខ្មែរចូលចិត្តនិងបាន អន្ទងឱ្យពលរដ្ឋខ្មែរចូលទៅលេងយ៉ាង ច្រើនកុះកររាប់រយនាក់ក្នុងមួយថ្ងែៗផងដែរ ។
ព័ត៌មានពីម្ចាស់សង្វៀនជល់មាន់នោះបានអះ អាងថា ពួកគេបានបង់ប្រាក់ជូនដល់ ម្ចាស់កាស៊ីណូក្នុងមួយខែ ៥០០០ដុល្លារអាមេរិក ទើបអាចបើកលេងបាន ដោយមានម្ចាស់ខាងកាស៊ីណូធានាខុសត្រូវ ចំពោះផ្លូវច្បាប់ ។
ម្ចាស់ សង្វៀនជល់មាន់នោះបាននិយាយ ថា ល្បែងជល់មាន់ ល្បែងយូគី បៀរ អាប៉ោង នេះមិនមានជនបរទេស ណាគេ មកលេងទេ ក្រៅពីពលរដ្ឋខ្មែរ ។ ប្រសិនបើ មិនអនុញ្ញាតឱ្យខ្មែរចូល លេងតើពួកគេមានលុយមកពីណា សម្រាប់ បង់ខែឱ្យម្ចាស់កាស៊ីណូនោះ។
អ្នកវិភាគនៅក្នុងខេត្តព្រះសីហនុបាននិយាយចំៗថា រឿងច្បាប់កាស៊ីណូវាពិតជាមាន ហើយ ប៉ុន្តែរឿងអនុញ្ញាត ឱ្យពលរដ្ឋខ្មែរ ចូលលេងល្បែងក្នុងកាស៊ីណូគឺជាការខុសច្បាប់មួយដ៏ធ្ងន់ធ្ងរពេកទៅ ហើយ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អគ្គស្នងការនគបាលជាតិ គួរតែពិនិត្យនិងចាត់ការចំពោះរឿងនេះផង បើមិនមានផែនការទប់ស្កាត់ទេ បទល្មើស នេះនឹងកើតមានមិនចេះចប់ឡើយ ។
ទាក់ទិននឹងការអនុញ្ញាតឱ្យពលរដ្ឋខ្មែរចូល លេងល្បែងស៊ីសងនេះសារព័ត៌មានយើងមិនសុំការបំភ្លឺពីម្ចាស់កាស៊ីណូ បានទេ កាលពីម្សិលមិញ ៕