មានអ្នករកស៊ីដឹកឈើប្រណីតមួយចំនួនបានកំពុងតែយកឈ្មោះមន្ត្រី នគរបាលស្រុកមេមត់ ទៅអះអាង ដើម្បីបិទបាំងមុខរបររកស៊ីល្មើសច្បាប់ធ្វើឱ្យមជ្ឈដ្ឋានជាតិ និងប្រជាពលរដ្ឋ មានការយល់ច្រឡំថា មន្ត្រីប៉ូលិសមានអំណាចក្នុងស្រុកមួយនេះនៅពីក្រោយខ្នងមុខរបរ ល្មើសច្បាប់នេះ ។
យោងតាមការអះអាងរបស់មន្ត្រីប៉ូលិសនៅស្រុក មេមត់ បានឱ្យដឹងថា មានអ្នករកស៊ីដឹកឈើប្រណីតមួយ ចំនួនពីខេត្តក្រចេះ ស្ទឹងត្រែង ឆ្លងកាត់ខេត្តត្បូងឃ្មុំ យកទៅលក់នៅតាមច្រករបៀងនានាតាមខ្សែបន្ទាត់ព្រំដែន វៀតណាម បានកំពុងតែយកឈ្មោះ ប៉េង អេងហាក់ អធិការស្រុកមេមត់ ទៅប្រើប្រាស់បានធ្វើឱ្យមជ្ឈដ្ឋាន ជាតិមើលឃើញថា លោកអធិការរូបនេះនៅពីក្រោយបទល្មើសព្រៃឈើទៅវិញ ។
ប្រភពដដែល បានបន្តឱ្យដឹងទៀតថា ឈើដែលដឹកពីខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តមណ្ឌលគីរី នេះជាប្រភេទឈើបេង នាងនួន ធ្នង់ និងគ្រញូង ជាប្រភេទឈើប្រណីត ដើម្បីគេចឱ្យរួចផុតពីការបង្ក្រាប របស់សមត្ថកិច្ចនោះ ក្រុមឈ្មួញទាំងអស់នោះតែងតែប្រើប្រាស់ឈ្មោះលោក ប៉េង អេងហាក់ អធិការស្រុកមេមត់ ធ្វើការដោះស្រាយជាមួយសមត្ថកិច្ចនានា ។
ប្រភពដដែលបានឱ្យដឹងទៀតថា ឋានៈរបស់លោក ប៉េង អេងហាក់ ត្រឹមអធិការនគរបាលស្រុកមានអំណាច អ្វីអាចនៅពីក្រោយខ្នងអ្នករកស៊ីល្មើសច្បាប់ទាំងអស់នោះ ។ បើនិយាយពីតួនាទីរបស់លោកអធិការជាសមត្ថកិច្ច គឺមានតែធ្វើការបង្ក្រាបសកម្មភាពល្មើសច្បាប់ ព្រោះតួនាទីរបស់នគរបាលជាតិ គឺជាអ្នករក្សាសន្តិសុខជូនប្រជាពល រដ្ឋតែប៉ុណ្ណោះ គឺមិនប្រព្រឹត្តទង្វើណាផ្ទុយពីច្បាប់នោះទេ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្នលោក ប៉េង អេងហាក់ បានកំពុងតែយកចិត្តទុកដាក់អនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព រួមជាមួយមន្ត្រីនៅក្រោម ឱវាទ ជាពិសេសប៉ូលិសប៉ុស្តិ៍រដ្ឋបាលនៅតាម បណ្តាឃុំនានា ក្នុងស្រុកមេមត់ ទាំងមូល ដើម្បីចូលរួមចំណែកធ្វើកំណែ ទម្រង់ឱ្យស៊ីជម្រៅស្របតាមនយោបាយ យុទ្ធសាស្ត្រចតុកោណជំហានទី ៣ របស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណារក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងស្រុកមេមត់ ទាំងមូលផងដែរ ៕