ប្រជាពលរដ្ឋ បានរាយការណ៍ថា សព្វថ្ងៃនៅច្រកដូង ៧ដើម នៅតែបន្តអនុវត្តន៍រូបមន្ត ពុករលួយបន្តពីលោក នូ ស៊ីថា ព្រោះមានទំនិញគេចពន្ធ ជាច្រើនប្រភេទ ដែលឈ្មួញធំៗនាំឆ្លងកាត់ គឺជំនាញគយ របស់លោក យឹម វណ្ណៈ បានឃុបឃិតជាមួយឈ្មួញ បង់ពន្ធរបៀបជាទំនិញក្លែងភេទ និងបង់ពន្ធមិនគ្រប់ជាដើម។
ដូចជា ទំនិញប្រភេទថ្នាំពេទ្យ គ្រឿងសំណង់ និងទំនិញមានតម្លៃ បានកំពុងតែបង់ពន្ធ ដូចប្រភេទទំនិញចាប់ហួយ ឬតុ កៅអី ជ័រ ទៅវិញ ហើយការបង់ពន្ធ ក្លែងភេទទំនិញនេះ ក៏គេមិនបង់ទាំងស្រុង មិនគ្រប់ចំនួននោះដែរ យ៉ាងច្រើនគេបង់ ត្រឹមតែ ៤០ទៅ៥០ ភាគរយប៉ុណ្ណោះ ធ្វើឱ្យខាតបង់ ចំណូលថវិកាជាតិ យ៉ាងច្រើនសម្បើម ក្នុងមួយខែៗ។
ប្រជាពលរដ្ឋ ដែលដឹកផលកសិផល ទៅលក់នៅប្រទេសវៀតណាម បានឱ្យដឹងថា ពួកគាត់ដឹកដំឡូងមី ពោត គ្រាប់ស្វាយចន្ទី បានប្រាក់ចំណេញ តិចតួចប៉ុណ្ណោះ ត្រូវកូនចៅរបស់លោក យឹម វណ្ណៈ គាបយកលុយ ហើយប្រឈមនឹងការស្តីបន្ទោស មើលងាយមើលថោក ដោយសម្តីអសុរោះ ប៉ុន្តែសម្រាប់ក្រុមឈ្មួញ រកស៊ីដឹកឈើខុសច្បាប់ ឆ្លងទៅវៀតណាម ដូចជាឈ្មោះ សាន ចយ ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ជាដើម គេមិនដែលឃើញ កូនចៅរបស់លោក យឹម វណ្ណៈ បញ្ចោញឫកពាឬប្រើសម្តីធំៗ ទៅលើក្រុមឈ្មួញទាំងនោះ ម្តងណាឡើយ ហើយឃុបឃិតគ្នា ជាមួយអ្នករកស៊ីល្មើសច្បាប់ ដើម្បីបានលុយច្រកហោប៉ៅ ដោយមិនខ្វល់ពី ការកែទម្រង់របស់លោក គុណ ញឹម ដែលជាមេគយនោះទេ។
ចាប់តាំងពីពេលដែល លោក យឹម វណ្ណៈ អត្តលេខ៦៥២ ត្រូវបានប្រកាសតែងតាំង ជាប្រធានស្តីទី ការិយាល័យគយ និងរដ្ឋាករ ច្រកដូង ៧ដើម នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជំនួសលោក នូ ស៊ីថា បង្កប់ដោយអំពើពុករលួយ គេសង្កេតឃើញឈ្មួញរកស៊ី តូចតាច រអ៊ូរទាំយ៉ាងខ្លាំង ពីការកោសរូស បង្ខំឱ្យបង់លុយ ដោយគ្មានការយោគយល់ ប៉ុន្តែសម្រាប់ក្រុមឈ្មួញធំៗ ដែលរកស៊ីនាំចូល ទំនិញគេចពន្ធ និងអ្នករកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅប្រទេសវៀតណាម តាមច្រកដូង៧ដើម ទទួលបានការយោគយល់ ពីលោក យឹម វណ្ណៈ ព្រោះការដឹកជញ្ជូន បទល្មើសទាំងនោះ គឺជាប្រភពចំណូលមិនចេះរីងស្ងួត របស់លោកមេគយរូបនេះ ។ ទំនិញគេចពន្ធទាំងនេះ មិនអាចគេចផុត ពីក្រសែភ្នែកសមត្ថកិច្ចគយ បានទេ តែលោក យឹម វណ្ណៈ បានចាត់ទុកជាឆ្នាំងបាយ ជាប្រយោជន៍ សម្រាប់បំពេញសេចក្តីត្រូវការ របស់ថ្នាក់លើ និងសម្រាប់ការពារតួនាទី ៕