បាត់ដំបង ៖ ឪពុកចុងរំលោភកូនស្រីអនិតិជនអាយុ១៤ឆ្នាំ រហូតមានកូន ២ ដង តាំងពីឆ្នាំ២០១២ ហើយបុរសសង្ស័យ ត្រូវនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនឃាត់ខ្លួន តាមការបញ្ជាឲ្យចាប់ពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កាលពីម៉ោង១៩យប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ ។ ករណីរំលោភលើកចុងក្រោយ គឺនៅភូមិកម្មករសង្កាត់ស្វាយប៉ោក្រុង-ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនបានអោយដឹង នៅព្រឹកថ្ងៃទី០៥ ខែកក្កដាថា បុរសសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ជាតិ សោម ហៅ រិន សឿន អាយុ៦១ឆ្នាំ របរជាងសំណង់ ត្រូវជាឪពុកចុងជនរងគ្រោះ និងមានប្រពន្ធឈ្មោះ សួន ពៅ អាយុ៣៧ឆ្នាំ មានផ្ទៃពោះ ៧ ខែ មានទីលំនៅភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ។ ចំណែកជនរងគ្រោះមាន ឈ្មោះ សព អាយុ ១៦ ឆ្នាំ កម្មករសំណង់ជាកូនចុងជនសង្ស័យ ។
តាមប្រភពសាក្សីប្រាប់សមត្ថកិច្ចថា ជនសង្ស័យជាឪពុកចុងជនរងគ្រោះបានចាប់រំលោភសេពសន្ថវៈ លើជនរងគ្រោះជាកូនចុង តាំងពីអាយុ១៤ឆ្នាំ ពេលទៅធ្វើការសំណង់ជាមួយ ហើយបន្តការរួមភេទ រហូតមានកូន២លើក និងកើតកូនម្នាក់អាយុ ៧ ខែក៏ស្លាប់ទៅវិញ និងកូនម្នាក់ទៀតលេបថ្នាំរំលូតចោល ។
ជនសង្ស័យប្រាប់អ្នកយកព័ត៌មានថា ពេលគាត់មកពីធ្វើការសំណង់នៅខេត្តឧត្តរមានជ័យវិញ ត្រូវសមត្ថកិច្ចឃាត់មកចោទថា ចាប់រំលោភកូនចុង តែខ្លួនមិនដឹងរឿងអ្វីសោះ ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនបានបញ្ជាក់ថា ជនសង្ស័យត្រូវសាច់ញាតិជនរងគ្រោះប្តឹង ហើយសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យបន្ថែម ។ ម្យ៉ាងទៀត យោងតាមបណ្តឹងសាច់ញាតិជនរងគ្រោះ ទោះជាជនសង្ស័យឆ្លើយរបៀបណាក៏បញ្ជូនទៅកាន់តុលាកាចាត់ការតាមផ្លូវច្បាប់ ៕