ប៉ៃលិន ៖ លោក ដួង ស្នា ប្រធានការិយាល័យអប់រំ ស្រុកសាលាក្រៅ ឃុបឃិតលោក តង់ ធារ៉ាប្រធានមន្ទីរអប់រំខេត្តប៉ៃលិន មិនលុបឈ្មោះ លោកគ្រូ អ្នកគ្រូ បង្រៀនអវត្តមានយូរឆ្នាំពី បញ្ជីទុកបើកប្រាក់ខែយកចែកគ្នា ធ្វើមានបានតាមការអោយដឹង ពីលោកគ្រូ ម្នាក់ជាអតីត កាន់បេឡានៅសាលាឯមសិក្សាសាលាក្រៅកាលពីព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៥។
លោក អ៊ឹម រតនៈ អតីតមន្ដ្រីផ្នែកបេឡា បានអោយដឹងថា រូបលោកសុខៗ ត្រូវបានគេដក ចេញពីតំណែង នៅការិយាល័យអប់រំស្រុកសាលាក្រៅអស់ពេលជាង១ខែដោយពុំមានកំហុស ហើយដាក់បញ្ចូលឈ្មោះ ប៉ិន កាសេន ជំនួសព្រោះជាបក្ខពួកដែលដើរស៊ីផឹក ជាមួយលោក ដួង ស្នា និងលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំខេត្តប៉ៃលិន ។ ចំពោះប្រាក់ប្រចាំខែគ្រូបង្រៀន ដែលមានតែឈ្មោះ នៅក្នុងបញ្ជីទាំងនោះ ត្រូវបានខាងមន្ទីរ ទម្លាក់ជាប្រចាំខែទៅឱ្យខាងការិយាល័យអប់រំស្រុក រួចត្រូវបានគេបង្វែរ ប្រាក់ទាំងនោះជូន ទៅឱ្យមន្ទីរវិញ ។
ជាក់ស្ដែងដូចជាឈ្មោះ គ្រូបង្រៀនមួយចំនួនដែលបានឈប់ពី ការងារជាង ១០ ឆ្នាំមកហើយ តែនៅតែ មានឈ្មោះក្នុងបញ្ជីដដែល ដូចជា ទី១- ឈ្មោះ សឹង សេងហុង ភេទប្រុស ទី២-ឈ្មោះ សឿម ង៉ែត ភេទប្រុស ទី៣-ឈ្មោះ ឌឹប ស៊ាប ភេទប្រុស ទី៤-ឈ្មោះ អ៊ួង ណារិន ភេទប្រុស ទី៥-ឈ្មោះ រឹត សាម៉េត ភេទប្រុស ទី៦-ឈ្មោះក្រូច បូរ៉ា ភេទប្រុស ទី៧-ឈ្មោះអ៊ុច សោភ័ណ ភេទស្រី ទី៨-ឈ្មោះ យឹម ចំណាប់ ភេទប្រុស ទី៩-ឈ្មោះ គឹម ស្រីម៉ៅ ភេទស្រី ទី១០-ឈ្មោះគឹម ចន្ថា ភេទស្រី និងមាន លោកគ្រូ អ្នកគ្រូមួយចំនួនទៀតដែល គេមិនស្គាល់ឈ្មោះ ក៏ត្រូវបានប្រធានការិយាល័យយកឈ្មោះទៅប្រើ ដើម្បីបើកប្រាក់ខែដែរ ។
លោក អ៊ឹម រតនៈ អតីតមន្ដ្រីផ្នែកបេឡាបានបញ្ជាក់ថា ការកិបកេងលុយរដ្ឋ នេះមានតាំងពីយូរឆ្នាំមកហើយមិន ត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងបំប៉ោង ពេលវេលាបង្រៀនដោយបង្រៀនតែ១ពេលគឺធ្វើរបាយការណ៍បើកប្រាក់ ឧបត្ថម្ភ២ពេល ។
កាបើកប្រើខែឈ្មោះគ្រូ មិនមកបង្រៀនក្នុង ១ ឆ្នាំ ពួកគេរកប្រាក់ពីទង្វើពុករលួយ នេះមិនតិចជាង៣០លានរៀលទេនេះ និយាយចំពោះតែការិយាល័យស្រុកសាលាក្រៅតែប៉ុណ្ណោះ ។
លោក ដួង ស្នា ប្រធានការិយាល័យអប់រំស្រុក សាលាក្រៅ អ្នកសារព័ត៌មានទូរស័ព្ទទំនាក់ទំនងមិនចូល ។
ពាក់ព័ន្ធ បញ្ហាខាងលើនេះលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្ដប៉ៃលិនបានច្រានចោលនូវពាក្យចោទ ប្រកាន់ខាងលើដោយលើកឡើងថា គ្មាន គ្រូណាឈប់បង្រៀនយូរទេបើមានគ្រូ ឈប់បង្រៀនយូរគឺខាងមន្ទីរត្រូវតាមរកគាត់បើរកមិនឃើញទេគឺខាង មន្ទីរ សម្រេចលុបឈ្មោះគាត់ចោល ចំណែកលុយបង្វិលនេះគឺបង្វិលចូលថវិការដ្ឋទេ នេះជានីតិវិធីរបស់មន្ទីរចំណែករឿងនេះគឺជាទំនាស់ផ្ទៃក្នុងជារឿងបុគ្គល ៕
ស សារ៉េត