ខេត្តប៉ៃលិន៖ កម្លាំងអធិការនគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ត៏រដ្ឋបាលសង្កាត់ទូលល្វា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយលោកលីម វាសនា អធិការក្រុងប៉ៃលិន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន០២នាក់ ។ ហេតុការចុះបង្ក្រាបនេះ បានកើតឡើងកាលពីវេលាម៉ោង ១៤ និង២០នាទី រសៀល ថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០១៤ ស្ថិតនៅផ្ទះជនសង្ស័យក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនសង្ស័យដែល ឃាត់ខ្លួនទាំង ពីរនាក់ទី១-ឈ្មោះ ហាយ ស្រីខួច ភេទស្រី អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ ជាអ្នកចែកចាយថ្នាំញៀន រិបអូសបានគ្រឿងញៀនយ៉ាម៉ាចំនួន ៤៨ គ្រាប់ និងម៉ាទឹកកក ១កញ្ចប់តូចមានទីលំនៅភូមិអូរតាពុកក្រោមសង្កាត់ទួលល្វា ក្រុងប៉ៃលិនខេត្តប៉ៃលិន ។ ទី២-ឈ្មោះ ចាន់ ចំរើន ហៅទីត ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ ជាអ្នកប្រើប្រាស់រិបអូសបានថ្នាំយ៉ាម៉ា០១គ្រាប់ មានទីលំនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោក លឹម វាសនា អធិការនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា៖ប្រតិបត្តិចុះបង្ក្រាប់និង ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះគឺទទួលបានសេចក្តីរាយការណ៍ថាមាន ករណីប្រើប្រាស់ថ្នាំញៀននៅក្នុងចំការចេកត្រង់ចំណុចខាងក្រោយសណ្ឋាគា ហង្សមាស ស្ថិតក្នុងភូមិអូរតាពុកក្រោមសង្កាត់ទួលល្វា ពេលនោះកម្លាំងប៉ូលីសបានចុះទៅភ្លាមៗហើយឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ឈ្មោះ ចាន់ ចំរើន ខណៈពេលកំពុងជកថ្នាំញៀននៅក្នុងចំការចេកនោះ។នៅពេលសាកសួរជនសង្ស័យ ឈ្មោះ ចាន់ចំរើនបានសារភាពថាខ្លួនបានទិញថ្នាំញៀននោះពីស្រី្តម្នាក់នៅ ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ ក្រោយមកកម្លាំងអធិការក្រុង បានចុះទៅធ្វើការឆែកឆេផ្ទះស្ត្រីជាជនសង្ស័យដែលដឹកនាំផ្ទាល់ដោយ លោក សេង ផានិត ព្រះរាជអាជ្ញារងខេត្តប៉ៃលិន និងបានរកឃើញវត្ថុតាងថ្នាំញៀនចំនួន៤៨គ្រាប់និងម៉ាទឹកកកចំនួន ០១ កញ្ចប់តូច លាក់ទុកនៅក្នុងពោះវៀនម៉ូតូនៅក្រោមគ្រែក៏ឃាត់ខ្លួនតែម្តង ។
លោកអធិការបន្តថា ៖ ជនសង្ស័យឈ្មោះ ចាន់ ចំរើន បានសារភាពថាគេមិនបានចែកចាយថ្នាំញៀនទេគឺគេគ្រាន់តែ ប្រើប្រាស់ប៉ុណ្ណោះ។ចំនែកជនសង្ស័យឈ្មោះ ហាយ ស្រីខួច បានសារភាពថាគេពិតជាបានរកស៊ីលក់គ្រឿងញៀនប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានកសាងសំនុំរឿងបញ្ចូនមកស្នងការនគបាល ខេត្តប៉ៃលិនព្រមទាំងបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់ការទៅតាម នីតិវិធី៕
រិទ្ធ ចំរើន