ខេត្តបាត់ដំបង ៖ បុរសចំណាស់ម្នាក់គណៈកម្មការវត្តបឹងប្រីជាប់សង្ស័យរំលោភប្រពន្ធគេ បន្ទាប់ពីបុរសជាប្តីឃើញកាបូបប្រាក់របស់ បុរសសង្ស័យនៅប្រពន្ធខ្លួន រក្សាទុក ហើយសួរនាំរួចដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០១៤ អោយសមត្ថកិច្ចនគរបាលស្រុកបាណន់ចាត់ការ ។ បុរសសង្ស័យ នគរបាលស្រុកបាណន់ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តនារសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០១៤ ។
លោក សេង លុច នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានឲ្យដឹងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ថា រឿងបុរសសង្ស័យវ័យចំណាស់ ចាប់រំលោភប្រពន្ធគេ កើតឡើងតាំងពីម៉ោងជាង១១យប់ ថ្ងៃទី១៦ ធ្នូ ២០១៤នៅភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ បុរសសង្ស័យវ័យចំណាស់ ចាប់រំលោភប្រពន្ធគេ មានឈ្មោះ មិន សារុន ហៅ លន អាយុ៦៧ឆ្នាំ ជាសមាជិកគណៈកម្មការ នៅវត្តបឹងប្រី នៅភូមិបឹងប្រីឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ រីឯស្ត្រីឈ្មោះ (បស) អាយុ៤៧ឆ្នាំ មានប្តីមានកូន ។
ស្ត្រីរងគ្រោះអះអាងថា ខ្លួនត្រូវតាគណៈកម្មការវត្តឈ្មោះមិន សារុន ហៅលន ចាប់រំលោភ នៅលើគ្រែមុខផ្ទះ កាលម៉ោងជាង ១១ យប់ ថ្ងៃទី១៦ ធ្នូ ២០១៤ ហើយបានលាក់ទុក្នុងចិត្តរហូត មិនបានប្ដឹងទេ ។ លុះប៉ុន្មានថ្ងៃទី១៩ខែដដែល បុរសចំណាស់សង្ស័យបានជ្រុះកាបូបប្រាក់តាមផ្លូវខ្លួនរើសទុក ពេលនោះកូនរបស់ខ្លួនឃើញ វាសួរនាំកាបូបរើសបានមានអ្វីខ្លះ ខ្លួនមិនប្រាប់កូនទេ ។ ចំណែកកូនរបស់ខ្លួនបានរត់ទៅប្រាប់ឪពុកវា ពេលប្តីខ្ញុំមកសួរនាំរឿងកាបូបប្រាក់នោះ ច្រំដែលពេក ទើបប្រាប់ថា តាលនបានចាប់រំលោភខ្លួន២បីថ្ងៃហើយ ឯកាបូបប្រាក់ ទើបរើសបានទេ។
បុរសចំណាស់សង្ស័យបានបដិសេធន៍ ចំពោះការចោទប្រកាន់រឿងចាប់រំលោភ តាមពិតជារឿងត្រូវរ៉ូវគ្នាទេ ។
លោក សេង លុច បានបញ្ជាក់ថា ក្នុងការត្រួតពិនិត្យឯកសារនិងសាកសួរបន្ថែមលើបុរសសង្ស័យ មិនមានអ្វីខុសប្លែកចម្លើយ សមត្ថកិច្ចស្រុកបាណន់សាកសួរនោះទេ ដូច្នេះជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ចាត់ការតាមនិតិវិធី ៕